Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-អង់គ្លេស ចុះ MOU ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជំរុញការនាំចេញផលិតផលសក្ដានុពល និងបង្កើនការនាំចូលការវិនិយោគរបស់អង់គ្លេសមកកាន់កម្ពុជា

spot_img

ភ្នំពេញ៖ ភាគីកម្ពុជា-អង់គ្លេស បានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា និងរៀបចំវេទិកានេះជាលើកទីមួយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ។​

អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា។

ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ភាគីទាំងពីរ បានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗដូចជា បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ  និងកិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍(DCTS) និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។

គួរបញ្ជាក់ថា តាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧ លានដុល្លារ កើនឡើង២៣,៩៨ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៧៨៨លានដុល្លារ។ ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញ ចំនួនប្រមាណ៨៨៦ លានដុល្លារ និងបាននាំចូលចំនួនប្រមាណ៩១លានដុល្លារ។ ហើយសម្រាប់រយៈពេលពីរខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មសរុបទ្វេភាគី គឺមានចំនួនប្រមាណ១២១លានដុល្លារ។ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈនាំចូលពីចក្រភពអង់គ្លេសមកនូវផលិតផលដូចជា រថយន្ត ចំណីសត្វ ភេសជ្ជៈ ជាដើម។ល៕

spot_img
×