ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧ ភាគរយ ជាង ២ទស្សវត្សរ៍ លើកលែងតែក្នុងដំណាក់កូវីដ១៩ ដែលមានការថយចុះ។ ជាមួយគ្នានេះ អនុភាពទីផ្សារការងារ បច្ចុប្បន្ន ក៏មានភាពរឹងមាំ រក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុប ប្រមាណ ១០,៨លាននាក់។

រដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា បច្ចុប្បន្ន សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ មានចំនួន ១៧២៥៦ គ្រាស ដែលមានកម្មករនិយោជិត ១លាន ៥សែននាក់។

រដ្ឋមន្រ្តីក្រសួងការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីបន្តបង្កើតឱកាសវិនិយោគ ការងារ មុខរបរឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជន។ គ្រាន់តែតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ បានបង្កើតការងារដល់កម្មកនិយោជិតសរុប ៤១៣៧០នាក់។បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន ៤០រោងចក្រ ចិន ៣០រោងចក្រ ថៃ ៦រោងចក្រ ម៉ាឡេស៊ី ៤រោងចក្រ សិង្ហបុរី ៤រោងចក្រ សហរដ្ឋអាមេរិក ៣រោងចក្រ កម្ពុជា ៣រោងចក្រ អូស្រ្តាលី ២រោងចក្រ ហូឡង់ ២រោងចក្រ កូរ៉េខាងត្បូង១រោងចក្រ ហ្វីលីពីន១រោចក្រ ស៊ុយអែត១រោចក្រ និងវៀតណាម ១រោងចក្រ សរុបរោងចក្រមានចំនួន ៩៨ កំពុងដំណើរការ ដោយបានប្រើប្រាស់កម្មកនិយោជិតសរុបចំនួន ៤១៣៧០នាក់ និងមានទុនវិនិយោគ ៧៤៥ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ផលិតផល សំខាន់ៗ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ រួមមាន បរិក្ខាអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ វេចខ្ចប់ គ្រឿងបរិក្ខាបង្គំរថយន្ត សម្ភារប្រើប្រាស់ប្រចំាថ្ងៃ ផលិតផលធ្វើពីប្លាស្ទិច ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព គ្រឿងសម្អាង ស្បែកជើង ផលិតផលពីស្បែក ផលិតផលថ្នាំលាប គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ និងសេវាកម្មនានាទៀត។ ទំហំទឹកប្រាក់នាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ បានកើនឡើងដល់ ៩៧៧ លានដុល្លារ ក្នុងឆ្នាំ ២០២២៕

