Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា មានបំណងជំរុញទេសចរណ៍វប្បធម៌ និងធម្មជាតិ បង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ

spot_img

ភ្នំពេញ៖ គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិនេះ ជាយុទ្ធសាស្រ្តដែលកម្ពុជា បានដាក់ចេញ សំដៅប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ នៅឆ្នាំ២០៣៥​​។​

ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ មានចក្ខុវិស័យ នៅឆ្នាំ២០៣៥ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ ផ្ដល់នូវធនធានទេស​ចរណ៍សម្បូរបែប ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី មានឧត្ដមភាពប្រកួងប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត។

គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិនេះ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងប្រែក្លាយការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាក្បាលម៉ាស៊ីនរុញដោលកំណើននៃវិស័យសេដ្ឋកិច្ច-សង្គម។

ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ កំពុងរៀបសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥នេះ។​

រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តថា ផែនការយុទ្ធសាស្រ្តជាតិនេះ បានដាក់ចេញដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន៣ រួមមាន៖ គោលដៅយុទ្ធសាស្រ្តទី១ ផ្ដោតលើការលើកកម្ពស់ភាពប្រកួតប្រជែងទេស​ចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៥ រួមមាន៖ ១-ការអភិវឌ្ឍផលិតផលទេសចរណ៍​ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ, ២-ការសិក្សាទីផ្សារ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍, ៣-ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍, ៤-ការកសាងហេដ្ឋារចនាសម្ពន្ធគាំទ្រការតភ្ជាប់ និងការសម្រួល​ការធ្វើដំណើរទេសចរណ៍, ៥-ការលើកកម្ពស់ភាពជាខ្មែរក្នុងវិស័យទេសចរណ៍។

គោលដៅយុទ្ធសាស្រ្តទី២ ផ្ដោតលើការលើកកម្ពស់និរន្តរភាពទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ រួមមាន៖ ១-ការពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍, ២-ការលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍, ៣-ការលើកកម្ពស់ចីរភាពបរិស្ថាន និងធនធានធម្មជាតិ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។

គោលដៅយុទ្ធសាស្រ្តទី៣ ផ្ដោតលើការលើកកម្ពស់បរិយាបន្នទេសចរណ៍ ជាមួយនឹងយុទ្ធសាស្រ្តសំខាន់ៗចំនួន២ រួមមាន៖ ១-ការពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីទាំងអស់គ្នា ២-ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ៕

spot_img
×