ភ្នំពេញ៖ បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញផ្លែឈើ និងគ្រាប់ធញ្ញជាតិរបស់កម្ពុជា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣នេះ មានទឹកប្រាក់ចំនួន ១.០៧៥ លានដុល្លារ បានកើនឡើង ២៧,៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យដ៏ដែលនេះ បានឲ្យដឹងទៀតថា ការនាំចេញផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ពីខែមករា ដល់ខែមេសា មានតម្លៃទឹកប្រាក់ ៤០១ លានដុល្លារ កើនឡើង ១៤,៨% ខណៈការនាំចេញធញ្ញជាតិ មានទំហំទឹកប្រាក់ ៦៧៤លានដុល្លារ កើនឡើង ៣៦,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញផ្លែឈើ និងគ្រាប់ធញ្ញជាតិរបស់កម្ពុជា ដែលផលិតផលកសិផលទាំងនេះ រួមមាន ចេកអំបូង, ផ្លែស្វាយ, ផ្លែស្រកានាគ, ផ្លែមៀនប៉ៃលិន, គ្រាប់ស្វាយចន្ទី, ម្រេច, ពោត, ល្ង និងសណ្តែកជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា វិស័យកសិកម្ម មិនមែនគ្រាន់តែជាការធ្វើស្រែ ដកស្ទូងប៉ុណ្ណោះទេ វិស័យកសិកម្ម មានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។ សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធរៀបចំឱ្យមានក្រុមការងារ ដើម្បីពង្រឹងកម្លាំងកសិករ លើការដាំដុះ ការផលិត និងការស្វែងរកទីផ្សារ។

បើយោងតាមរបាយការណ៍ធនាគារពិភពលោក វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ របាយការណ៍ធនាគារពិភពលោក បានចេញផ្សាយកាលពីថ្ងៃទី ១៨ខែឧសភា ឆ្នាំ ២០២៣ បានវាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ កំពុងមានសន្ទុះឆ្ពោះទៅការស្តារឡើងវិញយ៉ាងពេញពេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្មផងដែរ៕