មុនឥណ្ឌូរូបនីយកម្ម បុព្វការីជនខ្មែរបានស្គាល់វឌ្ឍនភាពគ្រប់វិស័យរួចទៅហើយ ដូចវិស័យសិប្បកម្ម ស្ថាបត្យកម្ម ជាភស្តុតាងស្រាប់។ បន្ថែមជាមួយនេះដែរ ពួកគេក៏មានការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសជិតខាងខាង ជាពិសេស ប្រទេសចិនមុនការបង្កើតរដ្ឋហ្វូ-ណន នាដើមសតវត្សរ៍ទី ១ នៃគ.ស។
យោងតាមការសិក្សាស្រាវជ្រាវខាងបុរាណវិទ្យា យើងបានដឹងថា មានការនាំចូលពីប្រទេសចិន នូវរបស់ប្រើប្រាស់មួយចំនួន ដូចជាស្គរមហោរធឹក និងថ្មយក់សម្រាប់ធ្វើគ្រឿងអលង្ការជាដើម ចូលក្នុងដែនដីសុវណ្ណភូមិ។ សូមបញ្ជាក់ថា តាមភូមិសាស្ត្រជាប្រវត្តិសាស្ត្រ សុវណ្ណភូមិនៅទីនេះ គឺសំដៅប្រទេសហ្វូ-ណន ឬអតីតទឹកដីកម្ពុជា ប្រទេសភូមា អតីតទឹកដីមន ប្រទេសចម្ប៉ា ជ្រោយមលយូ និងប្រទេសឥណ្ឌូនេស៊ី ដោយហេតុថាប្រទេសថៃ ឬ ឡាវ/លាវ និងប្រទេសវៀតណាមខាងត្បូង មិនទាន់ចាប់បដិសណ្ឋិក្នុងទឹកដីខ្មែរបុរាណនៅឡើយទេ។
ថ្មីៗនេះ នៅលើទួលមួយចម្ងាយប្រហែលជាមួយគីឡូម៉ែត្រពីភូមិពាម ឃុំព្រែកក្របៅ ស្រុកគងមាស ខេត្តកំពង់ចាម ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា គេបានរកឃើញនូវស្គរមហោរធឹកមួយ នៅសៀមរាប។ សូមជម្រាបថា ស្គរនេះ ធ្វើពីសំរិទ្ធិ ដែលមានទម្ងន់ប្រមាណជា ៤គីឡូក្រាម (Cf. សូមមើលកោះសន្តិភាពថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ ២០១០) ជាភស្តុតាងជាក់ស្តែងមួយបង្ហាញឲ្យដឹងនូវទំនាក់ទំនងខាងពាណិជ្ជកម្មរវាងខ្មែរ និងចិនយ៉ាងប្រាកដ។
សូមជម្រាបថា ពីមុនគេធ្លាប់រកឃើញនូវស្គរ ឬបំណែកស្គរមហោរធឹកមួយចំនួន នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដូចនៅខេត្តព្រៃវែង បន្ទាយមានជ័យជាដើម តែនេះជាលើកទីមួយហើយដែលស្គរប្រភេទនេះ ដែលមានរូបរាងពេញ ត្រូវបានជួបប្រទះនៅលើទឹកដីខេត្តកំពង់ចាម៕ (ម.ត្រាណេ)