ថ្ងៃស៊យរបស់ពស់ថ្លាន់…វារចូលផ្ទះ បំណងស៊ីចាបចិញ្ចឹមនៅក្នុងទ្រុង តែបែរជាត្រូវនាងក្រមុំក្លាហានម្ចាស់ចាប ចាប់កន្ទុយជាប់មិនព្រមលែង មុននឹងអ្នកជំនាញខាងចាប់ពស់ មកចាប់យកទៅលែងនៅក្នុងព្រៃធម្មជាតិ។ អ្នកលេងបណ្ដាញសង្គមនាំគ្នាសរសើរគ្រប់មាត់ថា ចំជាក្លាហានមែន!។

សត្វចិញ្ចឹមរបស់ខ្លួនឯង អ្នកណាៗក៏ស្រឡាញ់ដែរ រឹតតែបើឃើញគ្រោះថ្នាក់នៅនឹងមុខផងនោះ រឹតតែលែងខ្លាចអ្វីទាំងអស់ សុំត្រឹមតែបានការពារ និងតតាំងនឹងគ្រោះភ័យនោះ ដើម្បីឱ្យសត្វចិញ្ចឹមរបស់ខ្លួនមានសុវត្ថិភាព គឺគ្រប់គ្រាន់ណាស់ទៅហើយ ដូចគ្នានឹងហេតុការណ៍មួយនេះដែរ អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់បានផូស្តឃ្លីបភារកិច្ចចាប់ពស់ថ្លាន់ ដែលវារចូលក្នុងផ្ទះ បំណងចង់ស៊ីសត្វចាបនៅក្នុងទ្រុងដែលម្ចាស់ផ្ទះចិញ្ចឹម។
ប៉ុន្តែ អ្វីដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាភ្ញាក់ផ្អើលនោះគឺ អ្នកចាប់ពស់នោះ ជាមនុស្សស្រីម្នាក់កំពុងអង្គុយចាប់ទាញកន្ទុយពស់ជាប់យ៉ាងណែន ព្រោះត្រូវតស៊ូនឹងកម្លាំងសត្វពស់ ក្រោយពីវាខំព្យាយាមលូនគេចខ្លួនចូលទៅក្រោមកម្រាលឥដ្ឋដែលមានប្រហោង។ អាចនិយាយបានថា ភ្ញាក់ពីគេងមក រាងនៅភាំងៗ មិនទាន់ស្វាងងងុយស្រួលបួលផង ក៏ស្រាប់តែត្រូវមកផ្លាស់គ្នាចាប់ទាញកន្ទុយពស់ទាំងព្រឹកព្រលឹម ហើយចាប់ដោយដៃទទេទៀត ឆ្ងល់ខ្លួនឯងដែរថា មកធ្វើអីនៅកន្លែងហ្នឹង? តែដើម្បីសត្វចិញ្ចឹមរបស់ខ្ញុំ ខ្ញុំត្រូវតែធ្វើ មិនដូច្នោះទេ សត្វចិញ្ចឹមសម្លាញ់ចិត្ត ច្បាស់ជាត្រូវពស់ស៊ីមិនខាន…ចាំមើលមើល៍ថា តើអ្នកណាហត់ជាងអ្នកណា ខ្ញុំ ឬពស់?

នៅក្នុងឃ្លីបនោះ អ្នកផូស្តបានអធិប្បាយបន្ថែមទៀតថា បងប្រុសរបស់នាង ចាប់ពស់១ក្បាលនេះជាប់តាំងពីម៉ោង ៥ភ្លឺមកម្ល៉េះ ហើយនាងទើបតែចូលមកផ្លាស់គ្នាចាប់កន្ទុយពស់នេះបន្តនៅម៉ោង ៦ព្រឹក ហើយនៅអង្គុយទាញបែបហ្នឹងរហូត ព្រោះខ្លាចពស់រត់រួច ហើយអាចនឹងត្រឡប់មកស៊ីសត្វចាបដែលនាងចិញ្ចឹមវិញទៀត។
បន្ទាប់ពីនោះ អ្នកជំនាញខាងចាប់ពស់ក៏មកដល់ និងទាញវាចេញមកបានដោយជោគជ័យ ហើយនាំយកទៅលែងចូលព្រៃធម្មជាតិដែលឆ្ងាយពីទីប្រជុំជន និងបាននិយាយរាងកំប្លែងៗថា “មិនបានយកវាទៅឆាក្ដៅទេបាទ”។
រឿងនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាចូលខំមិនត៍ថា ដើម្បីការពារសត្វចិញ្ចឹម នាងពិតជាក្លាហានមែន!៕



