ភ្នំពេញ៖ ក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់ តាមផែនការមេឆ្នាំ២០២២-២០៣០ និងជាមជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅភាគនិរតីតាមឆ្នេរសមុទ្រ និងដោយមានការតភ្ជាប់ជាមួយផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកដែលអនាគតនឹងក្លាយទៅជាផ្លូវដែកល្បឿនលឿន និងផ្លូវអាកាសផងនោះ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែម ទៅឱ្យកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេស។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដំបូងបំផុត ដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។ កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីសំណាក់ ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសនៃ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល។

ក្រុមការងារ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ រំពឹងថា គម្រោងនេះ នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះ នឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ៕


