Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-កូរ៉េខាងត្បូង លើកឡើងជាថ្មីម្តងទៀត អំពីគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ

spot_img

ភ្នំពេញ៖ ក្នុងឱកាសដែលលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង នាថ្ងៃទី០១ ខែមិថុនា ភាគីទាំងពីរ បានលើកឡើងជាថ្មីម្តងទៀត អំពីគម្រោងស្ពាន​មិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រទេសកូរ៉េ ដែលតែងតែជួយកម្ពុជា ក្នុងការអភិវឌ្ឍរបស់ខ្លួន ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តម បានលើកឡើងជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា អំពីគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជាកន្លែងទាក់ទាញនៃរាជធានីភ្នំពេញ និងជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។

គួររំលឹកថា ក្រោយមានព័ត៌មានអំពីការសាងសង់នូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ប្រជាពលរដ្ឋរស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯមនៃខេត្តកណ្ដាល បានបង្ហាញការសាទរ ដោយពួកគេលើកឡើងថា នៅពេលដែលមានស្ពាន នឹងងាយស្រួល ក្នុងការធ្វើដំណើរ ពិសេសនៅពេលយប់ព្រលប់។

បើយោងតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យ ម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចសាងសង់នៅចុងឆ្នាំ២០២៣ ដោយរង់ចាំបំពេញនីតិវិធីពាក់ព័ន្ធឱ្យចប់សព្វគ្រប់ជាមុនសិន។

ក្នុងឱកាសនោះដែរ​ កូរ៉េ បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ជាពិសេសលើវិស័យភស្តុភារកម្ម ហើយបានសន្យាថានឹងទាក់ទាញអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកបណ្តាក់ទុនក្នុងវិស័យភស្តុភារកម្មនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារអន្តរកម្មនៃប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនក្នុងប្រទេសកាន់តែមានភាពប្រកួតប្រជែង។​

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានកោតសរសើរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

គួរបញ្ជាក់ថា សាធារណៈរដ្ឋកូរ៉េ បានផ្តល់កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)៕

spot_img
×