Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ លើកលែងទោសឲ្យលោក អ៊ូ ច័ន្ទឫទ្ធិ និងលោកទុំ ប៊ុនថន

ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឲ្យទណ្ឌិតចំនួន ២រូប ដែលមានរាយនាមដូចខាងក្រោម៖
១-ឈ្មោះ ទុំ ប៊ុនថន ភេទប្រុស កើតឆ្នាំ១៩៧៦ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។
២-ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ “ថ” ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលា ដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

លោកអ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្ត្រអតីតគណបក្ស សង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានសម្រេចចិត្តផ្តាច់ខ្លួន និង ឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយទណ្ឌិត សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។នេះបើយោងតាមលិខិតរបស់លោកអ៊ូ ច័ន្ទឫទ្ធិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោកអ៊ូ ច័ន្ទឫទ្ធិ ក៏បានស្នើសុំសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ដល់រូបលោក។

លោកអ៊ូ ច័ន្ទឫទ្ធិ បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា “ខ្ញុំបាទត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។ នៅក្នុងន័យ នេះដែរ ខ្ញុំបាទ សូមជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ឲ្យបានជ្រាបថា ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និង ឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។”

ជាមួយគ្នានេះ លោកអ៊ូ ច័ន្ទឫទ្ធិ បានសូមសម្ដេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ទៅព្រះមហាក្សត្រ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឲ្យរូបលោកមានសេរី ភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្តីអនុគ្រោះ។

សូមជម្រាបថា លោកអ៊ូ ច័ន្ទឫទ្ធិ ត្រូវបានតុលាការរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធ រួមគំនិតក្បត់ជាតិ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តទៅនៅកម្ពុជា និងទីកន្លែងផ្សេងទៀត ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងនាំខ្លួនដែលចេញដោយចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោកកូយ សៅ ចុះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩៕ រក្សាសិទ្ធដោយ: ចេស្តារ

×