ប្រទេសចំនួន4នឹងប្រកួតក្នុងវិញ្ញាសាEsportsដំបូងបំផុត ក្នុងព្រឹត្តិរកាណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី04 និង05 មិថុនានេះ
ថ្ងៃទី4 និង 5 មិថុនាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា អាស៊ានប៉ារ៉ាហ្គេម2023 នឹងមានការប្រកួតវិញ្ញាសា Esports ដំបូងបំផុតដែលមាន4ប្រទេសចូលរួម
ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី12 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា នោះគឺការក្លាយជាប្រទេសដំបូងដែលជាអ្នកដាក់បញ្ចូលវិញ្ញាសាកីឡាអេឡិចត្រូនិក (Esports) ចូលទៅក្នុងវិញ្ញាសាប្រកួតរបស់កម្មវិធី ប្រកួតកីឡាជនពិការធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិញ្ញាសាប្រកួតនេះនឹងមានការចូលរួមពី4ប្រទេស ដែលមានដូចជា៖ កម្ពុជា, ម៉ាឡេស៊ី ,ហ្វីលីពីន និង ថៃ។ ការប្រកួតនេះនឹងធ្វើឱ្យពួកគេអាចបង្ហាញជំនាញ សមត្ថភាពរបស់ពួកគេក្នុងវិស័យ ឌីជីថលនេះ ដោយគ្មានឧបសគ្គ។

(អត្តពលិកជនពិការ ជម្រើសជាតិកម្ពុជា ក្នុងវិញ្ញាសា កីឡាអេឡិចត្រូនិក)

ការប្រកួតកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang (MLBB) ក្នុងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ2023 នឹងត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនធីមធូ (Team Two) រួមជាមួយគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។
ការប្រកួតនឹងធ្វើឡើងនៅ សាលNABA ក្នុងសណ្ឋាគារ NagaWorrld2 រយៈពេល2ថ្ងៃ គឺថ្ងៃទី4មិថុនាក្នុងវគ្គចែកពូល (Group Stage) និងនៅថ្ងៃទី05មិថុនាក្នុងវគ្គជម្រុះ (Playoffs)។ សំបុត្រចូលរួមទស្សនានឹងចាប់ផ្ដើមចែកជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី01មិថុនារហូតដល់ថ្ងៃទី03មិថុនា2023នេះ នៅរោងភាពយន្តលេជេនទាំង3សាខា រួមមាន៖ លេជេន អេដេន លេជេន លេជេន មានជ័យ និងលេជេន ទួលគោក (សំបុត្រមានកំណត់ សម្រាប់មនុស្សម្នាក់អាចទទួលបានទៅដល់3សំបុត្រ)។

គិតមកដល់ថ្ងៃនេះ អត្តពលិកប៉ារ៉ា តំណាងប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេស ហ្វីលីពីន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារួចរាល់ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនាពេលខាងមុខនេះ។
ការដាក់បញ្ចូលកីឡា Esports នៅក្នុងអាស៊ានប៉ារ៉ាហ្គេមគឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់ ការបើកបង្ហាញ ពីកីឡាអេឡិចត្រូនិក ដោយមិនមានការរារាំង គ្មានការកំណត់ពី ជាតិសាសន៍ សាសនា ឬ ពិការភាពនោះទេ។

(អត្តពលិកជនពិការ ជម្រើសជាតិម៉ាឡេស៊ី ក្នុងវិញ្ញាសា កីឡាអេឡិចត្រូនិក)

(អត្តពលិកជនពិការ ជម្រើសជាតិថៃ ក្នុងវិញ្ញាសា កីឡាអេឡិចត្រូនិក)

(អត្តពលិកជនពិការ ជម្រើសជាតិហ្វីលីពីន ក្នុងវិញ្ញាសា កីឡាអេឡិចត្រូនិក)
ការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា នៃការដាក់បញ្ចូល កីឡាEsports ក្នុងអាស៊ានប៉ារ៉ាហ្គេម ដ៏អស្ចារ្យនេះគឺប្រៀបដូចជាការបើកផ្លូវមួយសម្រាប់អត្តពលិក ប៉ារ៉ាឈានចូលទៅក្នុងវិស័យឌីជីថល ដោយឱ្យពួកគាត់អាចបង្ហាញពីទេពកោសល្យ និងការប្រកួតប្រជែងរបស់ខ្លួននៅលើឆាកអន្តរជាតិបាន។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា ជាអ្នកផ្ដួចផ្ដើមនេះ នឹងត្រូវបានគេលើកនិយាយឡើងគ្រប់ពេលដែល អាស៊ានប៉ារ៉ាហ្គេមបានប្រារព្ធធ្វើឡើង។
ព័ត៌មានបន្ថែមទាក់ទងនិងការឧបត្ថម្ភនានា សូមទាក់ទងទៅ អ្នកស្រី ហាក់ សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុនធីមធូ (TEAM Two) តាមរយៈលេខទូរស័ព្ទ 093 933 999 ឬ អ៊ីម៉េល៖ bo@team2.asia។