ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានចោទសួរអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Vitit MUNTARBHORN ដែលជាជនជាតិថៃថា តើប្រទេសថៃមានប្រជាធិបតេយ្យ បែបណាហើយ ហើយកុំយកកម្ពុជាធ្វើជាសំរាមក្នុងកែវភ្នែក ។
ក្នុងឱកាសអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ជាជនជាតិថៃ កុំយកកម្ពុជាធ្វើជាសំរាមក្នុងកែវភ្នែក ហើយគួរមើលបញ្ហារបស់លោក ថាក់ស៉ីន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា ឥឡូវខ្លួនឯងជាជនជាតិថៃ ខ្ញុំមិនបង្អាប់អីជាមួយរដ្ឋាភិបាលថៃ ឬប្រជាជនថៃនោះទេ តែខ្ញុំចង់និយាយអំពីតំណាងពិសេស របស់អង្គការសហប្រជាជាតិដែលលើករឿង មិនត្រឹមត្រូវជាមួយកម្ពុជា។ ខ្ញុំគ្រាន់តែបញ្ជាក់ថាតើប្រទេសថៃ មានប្រជាធិបតេយ្យបែបណាហើយ។
សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅកាន់ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា តើធ្លាប់បានទាមទារឱ្យ លោក ថាក់ស៊ីន និងលោកស្រីយីងឡាក់ បានវិលចូលស្រុកថៃវិញទេ ខណៈអតីតនាយករដ្ឋមន្រ្តីថៃទាំង២រូបនេះ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «លោក Vitit MUNTARBHORN សុំឲ្យអ្នកឯងមើលត្រឹមតែប្រទេសថៃរបស់អ្នកឯងទៅបានហើយ។ ដូចជ្រុលហួសហេតុពេកហើយ។ អ្នកឯងធ្លាប់បានទាមទារឲ្យ ថាក់ស៉ីន យីងឡាក់ ចូលស្រុកទេ? ខ្ញុំសូមសួរអ្នកឯង។ អ្នកឯងទុកកម្ពុជា ដូចជាសំរាមក្នុងកែវភ្នែក។ ខ្ញុំសូមប្រដៅអ្នកឯង»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ធ្លាប់ចោទប្រកាន់ដោយគ្មានភស្តុតាងថា កម្ពុជាបានចាប់មនុស្ស ៧ពាន់នាក់ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩។ នៅពេលសម្តេចសួរ លោក Vitit MUNTARBHORN ថា បានទិន្នន័យនេះមកពីណា លោកតបថា មើលតាមព័ត៌មាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី