Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រផលិតទំនិញផ្សេងៗ ថ្មីៗ ចំនួន ៥៨កន្លែង បានចុះបញ្ជី នៅឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រផលិតទំនិញផ្សេងៗ ថ្មីៗ ចំនួន ៥៨ នៅឆ្នាំ២០២៣នេះ ដែលនាំឱ្យចំនួនរោងចក្រ កើនដល់ដល់ ១,៩៩៩ រោងចក្រ ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម មានប្រសាសន៍ថា គិតមកត្រឹម ខែឧសភា ឆ្នាំ២០២៣នេះ រោងចក្របើកថ្មីៗ បានផលិតទំនិញផ្សេងៗ ចាប់ពីសម្លៀកបំពាក់ រហូតដល់បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងអេឡិចត្រូនិចដែលមានបច្ចេកវិទ្យាខ្ពស់ជាដើម។

ប្រទេសកម្ពុជា មានរោងចក្រ និងសាខាប្រហែល ១,១០០កន្លែង ដែលមានកម្មករប្រមាណ ៧៥០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី។ ហើយរោងចក្រសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងទំនិញមួយចំនួនទៀត មាន ជាទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស ជាពិសេសទីផ្សារសហគមអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលផ្តល់ចំណូលដល់ប្រទេសជាតិ។ ចំនួនរោងចក្រថ្មីៗដែលបានបើកនេះ បានបង្កើតឱកាសការងារដល់កម្មករនិយោជិតជា​ច្រើនដោយផ្ទាល់ និងប្រយោល។ ផលិតផលមិនមែនកាត់ដេរ ដូចជា គ្រឿងអេឡិចត្រូនិក កង់ គ្រឿង​សង្ហារឹម ប្លាស្ទិក និងផលិតផលផ្សេងៗ ក៏មានការនាំចេញកើនឡើង។

បើតាមអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានបង្កើនការនាំចេញទៅទីផ្សារក្រៅប្រទេសជាច្រើន ដូចជាការនាំចេញអង្ករចំនួនដ៏ច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង និងអ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុប ក៏មានការមានកើនឡើងគួរឱ្យកត់សម្គាល់។ ការបង្កើនការនាំចេញនេះ អាចប្រព្រឹត្តទៅបាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។​

អ្នកជំនាញបន្តថា EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ។ ទំនិញនាំចូលទាំងអស់ នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។

ក្នុងពេលចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងពន្យល់កម្មករកម្មការិនីថា EBA គឺការអនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងតែអាវុធ គង់តែបាត់បង់មួយរយភាគរយនៅពេលខាងមុខ អាច២០២៦ ឬ២០២៧ ព្រោះកម្ពុជាលែងជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតហើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «កម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅប្ដូរយកជំនួយ ភាពអនុគ្រោះអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងពន្យល់ថា «យើងបាត់ EBA ២០ភារយ មានទៅបញ្ហាអី ហើយគង់តែបាត់១០០ភាគរយទេ ពីព្រោះថា ប្រទេសរបស់យើង គឺជាប្រទេសមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតឯណា បន្តិចកម្ពុជាចេញពីប្រទេសអភិវឌ្ឍន៍តិចតួចហ្នឹងហើយ ត្រូវរកស៊ីបង់ពន្ធឲ្យទៅវិញទៅមកដែរ ទោះបាត់២០ភាគរយកន្លងទៅ យើងនៅតែនាំចេញទៅអ្នកឯង យើងបង់ពន្ធឲ្យ»។

គួរបញ្ជាក់ថា កម្មវិធីអនុគ្រោះពន្ធលើ«ទំនិញគ្រប់មុខ លើកលែងតែគ្រឿងសព្វាវុធ» ហៅកាត់ថា EBA នេះជាផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុប ដែលផ្ដល់ឱ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។ គោលបំណងនៃការអនុគ្រោះពន្ធនេះ គឺចង់ឱ្យប្រទេសក្រីក្រទាំងនោះ មានឱកាសកាត់បន្ថយភាពក្រីក្រតាមរយៈការរីកលូតលាស់ ផ្នែកសេដ្ឋកិច្ច ប្រកបដោយចីរភាព។ បច្ចុប្បន្ននេះ មានប្រទេសក្រីក្រចំនួន ៤៨ នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង ដែលកំពុងទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធនេះ។ ចំពោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០ មានប្រទេសតែបីប៉ុណ្ណោះ ដែលចាត់ទុកថា ជាប្រទេសក្រីក្រនោះ រួមមានកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលសុទ្ធតែទទួលបានការអនុគ្រោះពន្ធនេះ៕

×