រឿងរ៉ាវដ៏សែនរន្ធត់ចិត្តរបស់បុរសជនជាតិម៉ាឡេស៊ីម្នាក់ ប្រពន្ធឆ្លងទន្លេ តែចៅហ្វាយនាយកំណត់ឱ្យសុំច្បា់ឈប់បានតែ ២ថ្ងៃ។ ខំប្រឹងធ្វើការរកប្រាក់ ត្រឡប់មកផ្ទះវិញ ឃើញប្រពន្ធដេកស្លាប់យ៉ាងអាណោចអាធម កូនតូចស្រែកយំក្បែរសពម្ដាយ…នឹកបន្ទោសខ្លួនឯង និងទួញយំសោកសង្រេងរាល់ថ្ងៃ។
តាមរបាយការណ៍បានឱ្យដឹងថា បុរសរូបនោះ មានអាជីពជាអ្នកបើករថយន្តដឹកទំនិញទៅទីឆ្ងាយៗ កាលពីខែកន្លងទៅ ភរិយារបស់គេកំពុងជិតឆ្លងទន្លេ គេក៏ដាក់ពាក្យសុំច្បាប់ទៅក្រុមហ៊ុន ដើម្បីបាននៅផ្ទះមើលប្រពន្ធ និងកូន តែចៅហ្វាយនាយអនុញ្ញាតឱ្យឈប់បានត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ មិនមែន ៧ថ្ងៃតាមច្បាប់ដែលរដ្ឋបានកំណត់ទេ។

នៅថ្ងៃទី៥ឧសភាកន្លងទៅ ភរិយារបស់បុរសរូបនោះ ក៏ផ្ដល់កំណើតកូន ហើយនៅថ្ងៃទី៥ និងទី៦ រូបគេបាននៅផ្ទះដើម្បីជួយមើលកូនដែលទើបនឹងកើត ហើយនឹងត្រូវត្រឡប់ទៅធ្វើការវិញនៅថ្ងៃទី៧ឧសភា ដោយមិនអាចខកខានបាន។ដោយមិននឹកស្មានដល់ នៅពេលត្រឡប់មកផ្ទះវិញ ក្រោយពីចប់ការងារនៅថ្ងៃទី៩ឧសភា គេក៏ដឹងថា ភរិយា បានស្លាប់បាត់ទៅហើយ រាងកាយរបស់នាងឡើងរឹងកំព្រឹសអស់ទៅហើយ ឯកូនតូចកំពុងតែស្រែកយំយ៉ាងខ្លាំង ដោយសារតែឃ្លានបៅ។

នៅពេលនោះ រូបគេមានអារម្មណ៍ថា ខ្លួនឯងមានកំហុសធ្ងន់ណាស់ ដែលទុកឱ្យភរិយាស្លាប់បែបនេះ និងគិតថា ខ្លួនឯងបំពេញតួនាទីជាប្ដីមិនបានល្អ មិនអាចនៅក្បែរនាង ពេលនាងត្រូវការរូបគេ ហើយទីបំផុតក៏គ្មានឱកាស សូម្បីតែនៅជាមួយនាងនាវិនាទីចុងក្រោយនៃជីវិតទៀតផង។ បន្ទាប់ពីនោះមក រូបគេគិតតែពីទ្រហោយំរាល់ថ្ងៃ ព្រោះមិនអាចបំភ្លេចក្ដីឈឺចាប់នេះបាន។
នៅពេលរឿងរ៉ាវដ៏សែនរន្ធត់ចិត្តនេះ ត្រូវបានផ្សព្វផ្សាយចេញទៅ បានធ្វើឱ្យមនុស្សម្នាចំនួនដ៏ច្រើន មានអារម្មណ៍រញ្ជួយចិត្ត ព្រមទាំងថ្កោលទោសទង្វើដ៏គ្មានអៀនខ្មាស និងអសីលធម៌របស់ថៅកែ ដែលរឹតត្បិតសិទ្ធិកម្លាំងពលកម្មរបស់បុរសរូបនោះ និងទាមទារឱ្យអាជ្ញាធរត្រួតពិនិត្យមើលច្បាប់ពលកម្មជាថ្មីឡើងវិញទៀតផង៕




