Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត : វឌ្ឍនភាព និងសមិទ្ធផលការងារទាំងអស់ ពិតជាបានបង្ហាញអំពីការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា

spot_img

ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល នាថ្ងៃទី៥ ខែមិថុនានេះអញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីនេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ញ៉ាំងឱ្យពិធីនេះក្លាយជាការប្រមូលផ្តុំ និងបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏ស្វាហាប់របស់យុវជននៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ។ ការជួបជុំរបស់កងទ័ពជំរំទេវតានាពេលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាព សុភមង្គល និងក្នុងដំណើរឆ្ពោះទៅមុខលើមូលដ្ឋាននៃជោគវាសនារួមគ្នាតែមួយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិតបន្តថា សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងក្រុមការងារយុវជនគណបក្សរាជធានី នៅក្នុងការបំពេញតួនាទី និងភារកិច្ច ស្របតាមគោលការណ៍ចាត់តាំងអនុវត្តរបស់គណបក្សដែលបានប្រគល់ជូន រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរជាទីមោទនៈ រួមមាន៖ ការងារកែសម្រួលរចនាសម្ព័ន្ធ-អង្គការចាត់តាំង,ការងារពង្រឹងសមាសភាពក្រុមការងារយុវជនគ្រប់ថ្នាក់ និងគ្រប់ផ្នែក, ការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការងារមហាជន ដោយក្នុងនេះមានការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋាន ស្របតាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលការងារទាំងអស់នេះ ពិតជាបានបង្ហាញអំពីការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលអម្រែកភារកិច្ច និងទំនុកចិត្តប្រកបដោយជំនឿជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដែលរាជធានីភ្នំពេញទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ជោគជ័យនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជនចាប់ពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ ក្នុងនោះ យុវជន គឺជាកម្លាំងស្នូលក្នុងបេសកកម្ម និងបុព្វហេតុដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងនេះ។

ឯកឧត្តមបណ្ឌិតបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។ ដូច្នេះ ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, យើងទាំងអស់គ្នាសូមប្តេជ្ញាបន្តនូវស្មារតី, គំរូវីរភាព និងបេសកកម្មដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន៕ រក្សាសិទ្ធដោយ ៖ សុវណ្ណារិទ្ធ

spot_img
×