Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ឲ្យប្រជាកសិករ អាជ្ញាធរមូលដ្ឋាន ត្រៀមបង្ការជាមុន និងឆ្លើយតប ផលប៉ះពាល់ផលិតកម្មដំណាំស្រូវដោយសារឥទ្ធិពលនៃអាកាសធាតុ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយកាលពី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងរាយប៉ាយស្ទើរគ្រប់កន្លែង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ ដ្បិតតែស្ថានភាពបែបនេះមានលក្ខណៈល្អសម្រាប់ការចាប់ផ្តើមដាំដុះ ដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករក៏ពិតមែន ប៉ុន្តែបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ ដែលទាមទារឱ្យ បងប្អូនប្រជាកសិករយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។

ដើម្បីចូលរួមចំណែកត្រៀមបង្ការនិងឆ្លើយតបចំពោះបញ្ហាខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធនានា ដូចខាងក្រោម៖
១. សម្រាប់ដីស្រែជម្រៅ និងដីស្រែដែលមានប្រភពទឹកស្រោចស្រព កសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យ ដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅពេល កូនរដូវប្រាំងមកដល់
២. សម្រាប់ដីស្រែដែលពឹងអាស្រ័យទឹកភ្លៀងទាំងស្រុង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកក្នុងស្រែបានយូរ និងកាត់បន្ថយផលប៉ះពាល់នៅពេលជួបគ្រោះរាំងស្ងួត ហើយកសិករអាច ពន្យារពេលវេលាដាំដុះរហូតដល់ចុងខែកក្កដា
៣. ប្រជាកសិករក៏ត្រូវត្រៀមគ្រាប់ពូជស្រូវបម្រុងមួយចំនួនសម្រាប់ដាំដុះឡើងវិញ បានដាំដុះលើកទី១នេះ រងការខូតខាតដោយសារគ្រោះរាំងស្ងួត
៤. អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះ ដំណាំស្រូវរបស់ប្រជាកសិករដែលទទួលរងផលប៉ះពាល់
៥. អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមថែរក្សា និងគ្រប់គ្រងការប្រើប្រាស់ទឹកដែលកំពុងមាន ប្រកប ដោយប្រសិទ្ធភាព និងចំគោលដៅ ជាពិសេសចៀសវាងការប្រើប្រាស់រហូតរីងអស់ ដែលអាចប៉ះពាល់ដល់ ការចិញ្ចឹមសត្វ និងការប្រើប្រាស់សម្រាប់មនុស្ស
៦. អាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឱ្យបានច្បាស់អំពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត លទ្ធភាពដែលអាចជួយ សង្គ្រោះបាន ស្ថានភាពនៃការខូចខាតដំណាំស្រូវ លទ្ធភាពនៃការដាំដុះស្តារឡើងវិញ និងត្រូវកំណត់ ឱ្យបានច្បាស់លាស់អំពីកសិករងាយរងគ្រោះ ដើម្បីស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមជឿជាក់ថា ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗនឹងត្រៀមបង្ការជាមុន និងឆ្លើយតប ព្រមទាំង ចូលរួមសហការ សំដៅកាត់បន្ថយផលប៉ះពាល់ផលិតកម្មដំណាំស្រូវដោយសារឥទ្ធិពលនៃអាកាសធាតុនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×