Friday, September 22, 2023

កម្ពុជា រកចំណូលបាន ១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរឆ្នាំ២០២៣

spot_img

ភ្នំពេញ៖ ក្នុងរយៈពេល ៥ខែឆ្នាំ២០២៣នេះ  កម្ពុជារកចំណូលបាន ១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ដែលជាឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧ នាក់ កើនឡើង ៦៥៣ ភាគរយពី ៤៥.៧៧៩ នាក់ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមគ្រឹះស្ថានអង្គរបានប្រកាសឱ្យដឹងថា តំបន់អង្គររកចំណូលបាន ១៦ លានដុល្លារពីការលក់សំបុត្រក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំនេះ កើនឡើង៧៦៥ ភាគរយពី ១.៨៥ លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា នៅក្នុងខែឧសភា ឧទ្យានអង្គរបានស្វាគមន៍ជនបរទេសចំនួន ៤៥,៧៥៩ នាក់ ដែលរកប្រាក់ចំណូលបាន ២លានដុល្លារ ពីការលក់សំបុត្រ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័គ បានចាត់ទុកថា កំណើននេះគឺដោយសារប្រទេសចិនបានបន្ធូរបន្ថយវិធានការប្រឆាំងជំងឺកូវីដ-១៩ និងអនុញ្ញាតអោយមានដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសរបស់ខ្លួនឡើងវិញនៅដើមឆ្នាំនេះ។

ឧទ្យានបុរាណវិទ្យាអង្គរទំហំ ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងខេត្តសៀមរាប បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា។

អង្គរវត្តជាប់លេខ ១ ជាកន្លែងទាក់ទាញអ្នកទេសចរ ក្នុងចំណោមរមណីយដ្ឋានប្រវត្តិសាស្ត្រ ៥០០កន្លែង។ប្រាសាទអង្គរវត្ត ត្រូវបានពិភពលោកទទួលស្គាល់ថា ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពីភាពល្អឥតខ្ចោះផ្នែកសុខដុមរមនា មហិច្ឆតានៃការច្នៃប្រឌិត និងភក្តីភាពចំពោះសាសនា៕

+85571 614 000 5
Contact Us Telephone

spot_img