Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ៖ ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង គឺដើម្បីផលប្រយោជន៍ជាប្រវត្តិសាស្ត្រតកូនតចៅច្រើនជំនាន់

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងនេះ គឺដើម្បីផលប្រយោជន៍ជាប្រវត្តិសាស្ត្រតកូនតចៅច្រើនជំនាន់»។

ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាពេលនេះ ក៏ភ្ជាប់ជាមួយនិងការបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គពីល្វាឯម-កៀនស្វាយ និងផ្លូវតភ្ជាប់ក្បាលស្ពាននៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា សុខចិត្តចំណាយថវិកាជាង ២៣០លានដុល្លារអាមេរិក ដើម្បីធ្វើស្ពានឆ្លងទន្លេ (ស្ពានពីល្វាឯម-កៀនស្វាយ) ផ្សារភ្ជាប់មកផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីឲ្យ​ប្រជាពលរដ្ឋឆ្លងឥតគិតថ្លៃ។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ ប៊ីលានដុល្លារអាម៉េរិក ក្រោមទម្រង់ វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់ ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨ លាន ដុល្លារអាម៉េរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា បដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់ នៅក្នុងអំឡុងឆ្នាំ២០២៧។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសសម្រេចយកថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ គឺជាថ្ងៃសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ។

គម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ មានប្រវែងជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ។ គម្រោងផ្លូវនេះតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩៕

spot_img
×