កាលពីម្សិលមិញ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣) ក្មេងប្រុសអាយុ ១២ ឆ្នាំ ម្នាក់នៅក្នុងស្រុក Sabak Bernam រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បានត្រូវស៊ូទ្រាំនឹងបទពិសោធន៍ដ៏ឈឺចាប់បំផុតក្នុងជីវិតរបស់គេ នៅពេលដែលគូទរបស់គេ ត្រូវបាន «ទម្លុះ» ដោយរបងដែកប្រវែង ១៥ សង់ទីម៉ែត្រ នៅផ្ទះរបស់ក្មេងប្រុសនេះតែម្តង។
បន្ទាប់ពីបានទទួលការហៅសង្គ្រោះបន្ទាន់នៅម៉ោង 6:25 ល្ងាច មន្ត្រីមកពីស្ថានីយ៍ពន្លត់អគ្គីភ័យ និងសង្គ្រោះ Sungai Besar (BBP) បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយនៅពេលដែលពួកគេទៅដល់ ក្មេងប្រុសនោះនៅតែ “រង់ចាំ” នៅលើរបងកំពុងថ្ងូរឈឺចុកចាប់យ៉ាងខ្លាំង។ ក្រុមសង្គ្រោះភ្លាមៗនោះ បានប្រើឧបករណ៍ត្រឹមត្រូវដើម្បីកាត់ទ្វារ ហើយក្មេងប្រុសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយទៅជាមួយដទ្វារ និង(ដែក) នៅតែជាប់នឹងគូទ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន China Press «ជន្លូញ» ដែកដ៏មុតស្រួចបណ្តុះចេញនោះ គឺចាក់ចូលនៅចម្ងាយត្រឹមតែមីលីម៉ែត្រប៉ុណ្ណោះពីរន្ធគូថរបស់ក្មេងប្រុសរូបនេះ ហើយរូបគេមិនហ៊ានកម្រើកនោះទេ ខណៈពេលកំពុងរង់ចាំក្រុមជួយសង្គ្រោះ ដោយសារតែបារម្ភថា វាអាចប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយ។ ទោះជាយ៉ាងណា គ្រូពេទ្យដ៏ជំនាញ បានធ្វើការការវះកាត់យក «ជន្លូញដែក» នោះចេញពីគូទដោយសុវត្ថិភាព ហើយក្មេងប្រុសនេះមិនមានគ្រោះថ្នាក់អ្វីនោះទេ។
ករណីដ៏ហួសចិត្តនេះ ត្រូវបានគេបង្ហាញឲ្យដឹងថា ក្មេងបុរសនេះបានព្យាយាមលួចចេញពីផ្ទះ នៅពេលដែលម្តាយរបស់គេមិននៅផ្ទះ ប៉ុន្តែ រូបគេបានរអិលជើងក្នុងពេលព្យាយាមផ្លោះរបង ទើបបណ្តាលឲ្យជួបមេរៀនដ៏ឈឺចាប់បែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


