ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីការវិវត្តន៍រីកចម្រើន របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងសេដ្ឋកិច្ច របស់កម្ពុជា មានការវិវត្តន៍រីកចម្រើនគួរឱ្យកត់សម្គាល់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានអនុញ្ញាតឱ្យ លោក Charles Esterhoy ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា (AmCham) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ០១៧នៅទីស្តីការក្រសួង។
លោក Charles Esterhoy បានថ្លែងថា គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត រវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានសំដែងនូវចំណាប់អារម្មណ៍ ចំពោះការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងសេដ្ឋកិច្ចរបស់កម្ពុជាមានការវិវត្តន៍រីកចំរើនគួរឱ្យកត់សំគាល់។ លោក Charles Esterhoy ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលបានបំពេញតួនាទីភារកិច្ច យ៉ាងល្អ ក្នុងការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជូនដល់អ្នកសែ្វងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករៀបចំគោលនយោបាយនិងផែនការ និងសាធារណជនទូទៅ។
នៅក្នុងប្រទេសកម្ពុជា AmCham តែងតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសភាពាណិជ្ជកម្មបរទេសដទៃទៀត។ សមាជិកភាពរបស់ AmCham រួមបញ្ចូលនូវក្រុមហ៊ុនចម្រុះជាតិសាសន៍តូចធំ និងក្រុមហ៊ុនឯកកម្មសិទ្ធិ។ កន្លងមក ដោយយល់ឃើញពីកង្វះខាតជំនាញ និងបទពិសោធន៍របស់អ្នកស្វែងរកការងារធ្វើ ក្នុងការបំពេញតាមលក្ខខណ្ឌ និងតម្រូវការជ្រើសរើសបុគ្គលិកពីសំណាក់សមាជិករបស់ខ្លួន AmCham បានសហការជាមួយ NEA ក្នុងការត្រៀមលក្ខណៈចូលទីផ្សារការងាររបស់យុវជន តាមរយៈការអនុវត្តកម្មវិធីកម្មសិក្សា ការងារជាមួយក្រុមហ៊ុន ដែលជាសមាជិករបស់ខ្លួន។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជនរួមមាន៖ គោលនយោបាយស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (NEP), គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP), គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ (TVET-Policy) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ។
បន្ទាប់ពីជំនួបលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាព និងសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ស្តីពី “កម្មវិធីកម្មសិក្សាការងារ” រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា (AmCham) ។ គោលបំណងនៃកិច្ចសហប្រតិបត្តិការ៖ ដើម្បីអនុវត្តសាកល្បងនូវ “កម្មវិធីកម្មសិក្សាការងារ” សំដៅលើកកម្ពស់ជំនាញ បទពិសោធន៍ ការទទួលបានឱកាសការងារ និងចូលទីផ្សារការងារកាន់តែងាយស្រួលរបស់យុវជន ព្រមទាំងឆ្លើយតបតាមតម្រូវការរបស់និយោជក៕ ដោយ៖បញ្ញាស័ក្តិ