Sunday, October 1, 2023

អតីតភរិយា មកលេងពិធីមង្គលការអតីតស្វាមី ព្រមជាមួយបដាធំមួយ សរសេរបកអាក្រាត ក្រោយមិនធ្វើតាមការសន្យាក្រោយលែងលះ

spot_img

ស្ត្រីចិនម្នាក់ បានសម្រុកចូលពិធីមង្គលការរបស់អតីតស្វាមី ព្រមជាមួយបដាធំមួយ សរសេរចំអក ក្រោយពីមិនព្រមធ្វើតាមការសន្យាបន្ទាប់ពីលែងលះគ្នាហើយ…ចង់និយាយថា រឿងនេះ បើខ្ញុំគ្មានសេចក្ដីសុខ អ្នកឯងក៏ត្រូវតែគ្មានសេចក្ដីសុខដូចគ្នា!!

កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣ វេបសាយ សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍ករណីរបស់ស្ត្រីម្នាក់ ដែលសម្រុកចូលពិធីមង្គលការរបស់អតីតប្ដី ព្រមជាមួយបដាធំមួយ ដែលសរសេរថា “មានស្រីម្នាក់ស្រឡាញ់ប្ដីខ្ញុំខ្លាំងណាស់ ក្នុងឋានៈជាភរិយាត្រឹមត្រូវតាមច្បាប់ ខ្ញុំមកទីនេះ ដើម្បីស្ដីដណ្ដឹង ស្រីបម្រើម្នាក់ឱ្យគាត់”

តាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុងមើយសាន មណ្ឌលសេឈួន ភាគខាងលិចឆៀងខាងត្បូងប្រទេសចិន រីឯម្ចាស់បដាគឺ អ្នកស្រីលួ និងកូនកំលោះដែលជាអតីតស្វាមីរបស់អ្នកស្រី ឈ្មោះ លោកលី។ ទាំង ២នាក់បានធ្វើរឿងលែងលះគ្នាតាំងពីឆ្នាំ២០១៩។

ពួកគេបានកំណត់ការឯកភាពគ្នាក្រោយពេលលែងលះថា លោកលីត្រូវទទួលខុសត្រូវលើការចំណាយចិញ្ចឹមកូនស្រី ចំណាយថ្លៃសំណងក្រោយការលែងលះឱ្យទៅអ្នកស្រីលួ ១លានយន់ ឬប្រមាណ ១៣ម៉ឺនដុល្លា និងថ្លៃចំណាយលើជីវភាពរស់នៅប្រចាំខែចំនួន ៥ ០០០យន់ ឬ ៨៥០ដុល្លារក្នុង ១ខែ រហូតទាល់តែនាងរៀបការប្ដីថ្មី។

យ៉ាងណាក៏ដោយ លោកលី មិនបានផ្ដល់លុយថ្លៃសំណង ១លានយន់តាមដែលបានឯកភាពគ្នានោះទេ លុះដល់ឆ្នាំ២០២២ អ្នកស្រីលួ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយសុំឱ្យលោកលីប្រតិបត្តិតាមការឯកភាពដែលបានកំណត់ ប៉ុន្តែពាក្យបណ្ដឹងទាំងនោះ មិនបានទទួលលទ្ធផលឡើយ និងក្រៅពីមិនឱ្យលុយហើយ លោកលីថែមទាំងរៀបចំពិធីមង្គលការជាមួយប្រពន្ធថ្មីទៀតផង។

ដោយសារមូលហេតុខាងលើ ធ្វើឱ្យអ្នកស្រីលួ សម្រេចចិត្តសម្រុកចូលពិធីមង្គលការ ព្រមជាមួយបដា និងខិត្តប័ណ្ណចែកចាយភ្ញៀវ និងអ្នកចូលរួមទាំងឡាយ និងផូស្តវីដេអូនៅក្នុងបណ្ដាញសង្គម បរិយាយថា “អតីតភរិយា សុំមកសម្ដែងក្ដីត្រេកអរ និងស្វាគមន៍ចំពោះអតីតស្វាមី ដែលបានស្រីបម្រើថ្មីម្នាក់ទៀត”

នៅពេលតមក លោកលី និងគ្រួសារ បានដាក់ពាក្យបណ្ដឹង ប្ដឹងអ្នកស្រីលួ ពីបទប្រមាថមើលងាយ ធ្វើឱ្យខូចកិត្តិយសកេរ្តិ៍ឈ្មោះ និងបង្កជម្លោះរឿងថ្លៃចំណាយចិញ្ចឹមកូន។ តាមរយៈសាលក្រម តុលាការបានសម្រេចថា លោកលីត្រូវផ្ដល់ប្រាក់សំណងដែលគាត់នៅខ្វះទាំងប៉ុន្មាន ជា ៣ដំណាក់កាល ចំណែកអ្នកស្រីលួ ត្រូវតែធ្វើការសូមទោសជាសាធារណៈ ចំពោះទង្វើរបស់អ្នកស្រីក្នុងថ្ងៃមង្គលការនោះ៕

spot_img