បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យប្រធានាធិបតីតួកគី បានចេញរបាយការណ៍ឱ្យដឹងថា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ លោក រីស៊ីប ថាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី បានស្នើទៅកាន់សមភាគីអ៊ុយក្រែន អំពីការបង្កើតគណៈកម្មាការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតអំពីការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី នៅភាគខាងត្បូងអ៊ុយក្រែន ដែលកំពុងបង្កឱ្យជនស៊ីវិលជាច្រើនម៉ឺននាក់រងគ្រោះ។

បញ្ហាបំផ្លាញទំនប់វារីអគ្គិសនី កាខូវកា (Kakhovka) នេះ បានធ្វើឱ្យក្រុងម៉ូស្គូ និងក្រុងកៀវ ស្តីបន្ទោសគ្នាទៅវិញទៅមក ដោយសារតែទំនប់នេះបានខ្ចាយទឹកបែកវាលពាសកាល ទៅប៉ះពាល់ដល់ជនស៊ីវិលជាច្រើនម៉ឺននាក់ បើទោះណាមិនទាន់មានរបាយការណ៍លម្អិតពីអ្នករងគ្រោះក៏ដោយ។
ការិយាល័យប្រធានាធិបតីតួកគី បានឱ្យដឹងថា ប្រធានាធិបតី អេដូហ្គេន (Erdogan) បាននិយាយថា គណៈកម្មាធិការមួយអាចត្រូវបានបង្កើតឡើង ដោយមានការចូលរួមពីអ្នកជំនាញមកពីភាគីសង្រ្គាម អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ រួមទាំងប្រទេសតួកគី ដើម្បីធ្វើការស៊ើបអង្កេតលម្អិតលើការផ្ទុះបំផ្លាញទំនប់វារីអគ្គិសនី កាខូវកា (Kakhovka)។

សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនី Kakhovka ស្តុកទឹកក្នុងបរិមាណស្មើទៅនឹង បឹង ហ្គ្រីត សាលថ៍ លិក (Great Salt Lake) នៅឯរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក ហើយវាផ្គត់ផ្គង់ទឹកផងដែរ ទៅកាន់តំបន់គ្រីមៀ ដែលត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី ដូចគ្នា។
ការបំផ្លិចបំផ្លាញនៃទំនប់នេះ បណ្តាលឱ្យទឹកហូរចូលទៅក្នុងទន្លេ ឌីនីប៉្រូ (Dnipro) ដែលជំរុញឱ្យជនស៊ីវិលរាប់ម៉ឺននាក់ភៀសខ្លួនចេញពីតំបន់លិចទឹក។
ករណីនេះ ក្រុមមន្ត្រីអ៊ុយក្រែនបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៤២,០០០នាក់កំពុងប្រឈមនឹង ហានិភ័យពីទឹកជំនន់ ដែលគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅថ្ងៃពុធនេះហើយវាយប្រហារទៅដល់ទីកន្លែងរស់នៅរបស់ប្រជាជន៕ រក្សាសិទ្ធដោយ ៖ពិសិដ្ឋ CEN











