Sunday, October 1, 2023

សមត្ថកិច្ចនគរបាល ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលពូកែដើរលួចកាត់ខ្សែភ្លើងលក់

spot_img

កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើការចាប់ខ្លួន បន្ទាប់ពីបានជិះផាស់អាប់ដើរលួចកាត់ខ្សែភ្លើង នៅតាមផ្លូវជាតិលេខ៦អា អស់ជាច្រើនលើកច្រើនសារទៅលក់ឱ្យអេតចាយ។

ជនសង្ស័យមានឈ្មោះ លាភ ធួន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៦ ភូមិស្ពានថ្មី ឃុំរកការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចស្រុកមុខកំពូលឱ្យដឹងថា ជនសង្ស័យខាងលើបានធ្វើសកម្មភាព កាត់ខ្សែភ្លើងលក់ចំនួន០៣ដងមកហើយ លើកទី១.ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចស្ពានលេខ១៤ ភូមិសាមគ្គី ឃុំព្រែកដំបង បានចំនួន ១៤គីឡូក្រាម យកទៅលក់ឱ្យអេតចាយនៅឃុំព្រែកអញ្ចាញបានប្រាក់ចំនួន ១៤ម៉ឺនរៀល។

លើកទី២. នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅចំណុចស្ពានលេខ២០ ភូមិឡឥដ្ឋ ឃុំព្រែកដំបង តែមិនបានសម្រេចដោយឃើញសមត្ថកិច្ច ជនសង្ស័យក៏ជិះផាសអាប់របស់ខ្លួនគេចទៅបាត់។

និងលើកទី៣ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨.០០នាទី ជនសង្ស័យបានជិះផាសអាប់របស់ខ្លួនតែម្នាក់ឯង មកធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅបង្គោល កាប៊ីនភ្លើងផ្លូវជាតិលេខ៦ ភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ល្បាតឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសាកសួរតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវជាតិលេខ៦ពិតប្រាកដមែន។

ក្នុងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ១.ផាសអាប់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JT-7900 ចំនួន ០១គ្រឿង ដែលជាមធ្យោបាយដើរធ្វើសកម្មភាព។ ២.ខ្សែភ្លើងរុំជ័រ ពណ៌ខ្មៅ ទំហំ ២.៥ ចំនួន ០២ខ្សែប្រវែង៥.៦ម៉ែត្រ។ ៣.ខ្សែភ្លើងរុំជ័រពណ៌ស ទំហំ ២.៥ ប្រវែង ៨.២ម៉ែត្រ ។ ៤.ទុយយោទីបជ័រទំហំ៣៤មីលីម៉ែត្រចំនួន០២កំណាត់។ ៥.ពូថៅដងដែកចំនួន០១។ ៦.កន្ត្រៃកាត់ខ្សែភ្លើងដងជ័រពណ៌ការ៉ុតចំនួន០១។ ៧.កន្ត្រៃកាត់ខ្សែភ្លើងដងជ័រពណ៌លឿងចំនួន០១។ ៨.ដង្កាប់ចំនួន ០១។ ៩.កាមេរ៉ាសុវត្ថិភាព ចំនួន០១ និង ១០.ទូរសព្ទម៉ាក VIVO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង។
បច្ចុប្បបន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើរបាយការណ៍ បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីបន្តចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

spot_img