ថ្មីៗនេះ ករណីបោកប្រាស់មិនបានសម្រេចមួយ បានកំពុងត្រូវបានចែករំលែក បង្កការភ្ញាក់ផ្អើលទៀតហើយ ដោយស្រ្តីម្នាក់បានយកលុយដុល្លារក្រដាស 50 ក្លែងក្លាយ មកទិញទូរស័ព្ទ តែប៉ះចំអ្នកលក់ស្គាល់ច្បាស់ក្រដាសលុយពិត ឬ ក្លែងក្លាយបែបណានោះ ជាហេតុមិនអាចធ្វើស៊ីបាន ហើយត្រូវរត់ចោលលុយខាតចូលដើមអស់ ១ ម៉ឺនរៀល តែម្តង។
បើតាមអ្នកលក់ បានប្រាប់នៅក្នុងវីដេអូដែលបានបង្ហោះកាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឲ្យដឹងថា ស្រ្តីម្នាក់នោះដែលមានរូបរាងស្តើង បានជិះម៉ូតូឌុបក្មេងប្រុសម្នាក់ និងពាក់ម៉ាស់ មកទិញទូរស័ព្ទតម្លៃ 115$ ដោយពុំតថ្លៃនោះទេ ហើយក៏បានឲ្យលុយភ្លាមៗសរុបទាំងអស់ ក្នុងនោះមាន (ក្រដាស 50 ដុល្លារក្លែងក្លាយពីរសន្លឹក ក្រដាស 5 ដុល្លារក្លែង១សន្លឹក និងលុយខ្មែរចំនួន ១ ម៉ឺនរៀល)។
ទោះជាយ៉ាងណា ដោយមានការសង្ស័យ ខណៈមកទិញរាងផ្អើលៗទាំងយប់ ហើយពិនិត្យដឹងច្បាស់ថា គឺសុទ្ធតែក្រដាសដុល្លារក្លែងទាំងអស់ អ្នកលក់ក៏បានឲ្យចុះពីម៉ូតូចូលមកក្នុង ដើម្បីចង់ដឹងថា តើហ៊ានចូលមកអត់! នៅពេលនោះ ស្រ្តីរូបនោះមិនចុះពីម៉ូតូទេ ក៏បាននិយាយថា បើក្លែងក្លាយ យកទៅដូរគេវិញ ប៉ុន្តែ នៅពេលអ្នកលក់បន្តគំរាមហៅប៉ូលិសមក ស្រាប់តែបើកម៉ូតូដាក់មេប្រូចយ៉ាងលឿនតែម្តង។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺថា ស្រ្តីរូបនេះ បានរត់បន្សល់ទុកទាំងលុយដុល្លារក្លែងក្លាយ និងលុយខ្មែរចំនួន ១ ម៉ឺនរៀល ខាតចូលដើមតែម្តង ព្រោះតែខ្លាចប៉ូលិសមកទាន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















