នៅក្នុងបណ្ដាញសង្គមអនឡាញកំពុងនាំគ្នាចែករំលែកហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទុកជាឧទាហរណ៍ថា យើងមិនគួរបើកទ្វារផ្ទះចំហចោលឡើយ ព្រោះអាចមានហេតុការណ៍គ្រោះភ័យ ឬសត្វចង្រៃផ្សេងៗ ចូលមកក្នុងផ្ទះដោយយើងមិនបានដឹងខ្លួន។
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់ បានផូស្តឃ្លីបដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយបានសរសេរបញ្ជាក់ថា “ទុកជាឧទាហរណ៍សម្រាប់អ្នកដែលចូលចិត្តបើកទ្វារផ្ទះចំហចោល មិនដឹងថា ត្រូវអាណិតកូនៗ ឬអស់សំណើចទេ…អាណិតកូនណាស់” ព្រមទាំងបង្ហាញរូបភាពផ្ទះ ១ខ្នង ដែលមានប៉ា ម៉ាក់ និងកូនស្រី ២នាក់ កំពុងគេងសម្រាកនៅក្នុងផ្ទះ។

តែដោយមិននឹកស្មានថា នឹងមានហេតុការណ៍ភ័យញាប់ញ័រកើតឡើងចំពោះខ្លួនឯង សុខៗស្រាប់តែកូនស្រីទាំង២ បានស្ទុះក្រោកឡើងដោយកាយវិការភ្ញាក់ផ្អើល និងភិតភ័យ ព្រមទាំងស្រែកខ្លាំងៗឡើង រហូតដល់ប៉ាម៉ាក់ក៏ភ្ញាក់ផ្អើលដែរ មុននឹងបែរទៅឃើញគោមាឌធំ ១ក្បាលដើរចូលមកក្នុងផ្ទះ ហើយដើរតម្រង់ចូលទៅក្នុងចង្ក្រានបាយ។
តាំងពីរឿងរ៉ាវនេះត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមរួចមក ក៏មានអ្នកចូលមើលច្រើនដល់ទៅជាង ៤លានដង ថែមទាំងអ្នកចូលរួមខំមិនត៍យ៉ាងច្រើន ដូចជា… “ពេលឮសូរសំឡេងស្រែក នឹកស្មានថាពស់ ត្រកួត ឬសត្វអីតូចៗ តែម៉ែអ៊ើយ គោ!?”… “អូនៗ មិនបាច់ភ្ញាក់ផ្អើលទេ បងគ្រាន់តែចូលមក ១ភ្លែតទេ”… “គោ ប្រហែលចូលមករកបាយស៊ី”៕



