Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសមាគមស្វាយចន្ទី៖ ការអនុគ្រោះលើអត្រាការប្រាក់ ផ្តល់សារៈសំខាន់យ៉ាងច្រើនដល់វិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា

spot_img

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា និងធនាគារ SME បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រឹងអាជីវកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី (មិនមែនជាកសិករដាំដុះ) ដែលជាសមាជិកនៃសមាគមស្វាយចន្ទីកម្ពុជា។​​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា ទទួលបានកម្ចីការប្រាក់ទាបពីធនាគារ SME ដើម្បីពង្រឹងអាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួន។ សមាជិករបស់សមាគមស្វាយចន្ទីកម្ពុជា នឹងបានទទួលអត្រាការអនុគ្រោះការប្រាក់ពីធនាគារសហគ្រាសធុនតូច និងមធ្យម SME ពី ៩ភាគរយទៅ ១២ភាគរយ មកនៅត្រឹម ៥,៥ភាគរយ។​

លោកបន្តថា តាមរយៈការអនុគ្រោះលើអត្រាការប្រាក់នេះ បានផ្តល់សារៈសំខាន់យ៉ាងច្រើនដល់វិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ព្រោះបញ្ហាកង្វះដើមទុន បានចាក់ស្រេះ នៅក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីជាយូរមកហើយ។ បញ្ហានេះ បានធ្វើឱ្យមានការកង្វះខាតកម្លាំងពលកម្មជំនាញ ដោយសារតែនៅពេលមិនមានការងារធ្វើទៀងទាត់ ធ្វើឱ្យបុគ្គលិកទៅរកការងារផ្សេងៗ ឬសម្រេចបោះបង់ការងារក្នុងសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចោល ធ្វើឱ្យសិប្បកម្ម ឬសហគ្រាសកែច្នៃ ឬក្រុមហ៊ុន ត្រូវរើសបុគ្គលិកថ្មី មកបង្រៀនជានិច្ចកាល សម្រាប់បម្រើការក្នុងវិស័យស្វាយចន្ទីនេះ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា កិច្ចសហប្រតិបតិ្តការនេះ គឺជាគោលដៅយុទ្ធសាស្រ្តដែល​ធនាគារបានកំណត់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ ធនាគារជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងដោះស្រាយបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី ក៏ដូចជា ជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

លោក បានបន្តថា កម្ចីអនុគ្រោះនេះ សមាជិកយើងដែលមិនមែនជាកសិករដាំដុះនឹងប្រើប្រាស់សម្រាប់ការទិញគ្រាប់ឆៅមកស្តុក និងការកែច្នៃសម្រាប់ការនាំចេញ។ បើសិនជារដ្ឋាភិបាល តាមរយៈធនាគារ SME ដែលគាត់គិតថា នឹងត្រៀមថវិកា ១០០លានដុល្លារនេះ វាមិនច្រើនក៏ពិតមែន ប៉ុន្តែយើងអាចដោះទាល់បានក្នុងពេលខាងមុខផងដែរ។

លោកបានបន្ថែមទៀតថា ដូចនេះវិនិយោគិនក្នុងស្រុកមិនអាចប្រជែងទិញបាន ដោយសារតែគាត់ខ្វះទុន ដូច្នេះធ្វើឱ្យខ្សែចង្វាក់ផលិតកម្មរបស់គាត់មិនបានពេញលេញទេក្នុងមួយឆ្នាំ ដោយក្រុមហ៊ុនខ្លះធ្វើបាន ៣ខែ ឬ៨ខែ អស់គ្រាប់ស្តុក ខណៈដែលមានក្រុមហ៊ុនតែពីរប៉ុណ្ណោះ ដែលធ្វើបានពេញមួយឆ្នាំ។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា រយៈពេល ៤ខែ ឆ្នាំ២០២៣នេះ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទីឆៅបានចំនួន ៥សែន ១ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាមសរុបបាន ៤សែន ៨ម៉ឺន ៣ពាន់តោន ស្មើទឹកប្រាក់ ៦៦០លានដុល្លារ ថយចុះ ១៣,០៤% បើធៀបរយៈកាលដូចគ្នាទៅនឹងឆ្នាំ២០២២៕

spot_img
×