Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើនចំនួនប្រជាជនកម្ពុជា អាចនឹងឡើងដល់ប្រមាណ ២០ លាននាក់ នៅឆ្នាំ២០៣០

spot_img

ភ្នំពេញ៖ ជំរឿនប្រជាជនកម្ពុជា ចុងក្រោយបង្អស់នៅឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនសរុបមានចំនួន ១៥.៥៥ លាននាក់។  បើធៀបនឹងលទ្ធផលជំរឿននៅឆ្នាំ២០០៨ ដែលមានប្រជាជន ១៣.៣៩ លាននាក់ គឺឃើញថា កើនឡើង ២.១៥ លាននាក់ ឬ ១៦% ក្នុងរយៈពេល ១១ឆ្នាំ។ ជំរឿនឆ្នាំ២០១៩ បានឱ្យដឹងដែរថាប្រុសមានចំនួន ៧.៥៧ លាននាក់ ស្មើនឹង ៤៨.៧% ខណៈស្រីមាន ៧.៩៨លាននាក់ ត្រូវនឹង ៥១.៣%។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខចំនួនប្រជាជនកម្ពុជា អាចឡើងដល់ប្រមាណ ២០លាននាក់នៅឆ្នាំ២០៣០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «កាលពីក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាមានប្រជាជនតែប្រមាណ ៥លាននាក់ទេ ក៏ប៉ុន្តែ២០២៣នេះ គឺឡើងរហូតដល់ប្រមាណជា ១៧លាននាក់»។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា «ប្រសិនបើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៦ យើងនឹងបន្តឆ្ពោះទៅដល់គោលដៅនៃបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ដូចអ្វីដែលយើងបានដាក់ចេញជាគោលដៅ នៃការអភិវឌ្ឍប្រកបដោយចិរភាព»។

មន្រ្តីជំនាញស្ថិតិនៃក្រសួងផែនការ បានលើកឡើងថា កម្ពុជា អាចនឹងសម្រេចបានតាមផែនការនេះ ដោយ​សារតែតាមរយៈការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅ បានបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការរីកចម្រើនជាបន្តបន្ទាប់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៥ ដល់២០៣០ ផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋ នឹងកើនដល់ប្រមាណ ២៤០០ ដុល្លារអាមេរិកក្នុង១ឆ្នាំ។

មន្រ្តីជំនាញ បានបន្តថា ប្រទេសដែលមានប្រាក់ចំណូលទាប តម្រូវឱ្យផលិត​ផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋ ត្រូវមានប្រាក់ចំណូលក្រោម ១ ០០០ ដុល្លារក្នុង១ឆ្នាំ ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ត្រូវមានប្រាក់ចំណូលជាង ១ពាន់ដុល្លារ ក្នុង១ឆ្នាំ និងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រជាពលរដ្ឋត្រូវមានប្រាក់ចំណូលប្រមាណ ជាង២ពាន់ដុល្លារ។

គួរបញ្ជាក់ថា បើយោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បានបង្ហាញថា រយៈពេលជាង ១០ ឆ្នាំ ចាប់រាប់ពីឆ្នាំ ២០១១ មកដល់ឆ្នាំ ២០២២ ចំនួនអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា បានកើនឡើងពីចំនួនជាង ៥០ ម៉ឺនអង្គភាព ទៅចំនួនជាង ៧៥ ម៉ឺនអង្គភាពសេដ្ឋកិច្ច ពោលគឺកើនឡើងប្រមាណជិត ៥០ ភាគរយ៕

spot_img
×