ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីសប្តាហ៍មុននេះ បានអំពាវពាវឱ្យម្ចាស់បុរីទាំងអស់បញ្ឈប់សកម្មភាពរឹបអូសផ្ទះរបស់អតិថិជនជាបន្ទាន់ និងស្នើឱ្យមានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់។

បន្ទាប់ពីមានការអំពាវពាវនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច (ន.អ.ប.) បានប្រកាសជួយសម្របសម្រួល សម្រាប់អ្នកទិញផ្ទះបង់រំលោះ ដែលត្រូវម្ចាស់គម្រោងរឹបអូស។ ប្រជាពលរដ្ឋណា ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានបញ្ជាក់ថា អតិថិជនទាំងអស់ដែលបានទិញលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ពីគម្រោងអភិវឌ្ឍន៍អចលនវត្ថុ ហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍន៍អចលនវត្ថុធ្វើការរឹបអូសយកវិញនូវលំនៅឋាន ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារមានបញ្ហាខកខានក្នុងការបង់ប្រាក់ សូមជូនដំណឹងមក ន.អ.ប. ជាបន្ទាន់ ដើម្បីធ្វើការសម្របសម្រួល ជាមួយម្ចាស់គម្រោង។

អតិថិជនអាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬតាមតេលេក្រាមលេខ ០១២ ៣៩៣- ៧២៧ /០៩៩ ៩៨០ ៤៩៩ /០៦៩ ៥១៧ ១៨៦ ឬអញ្ជើញមកដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគា ដែលមានអាស័យដ្ឋាននៅអគារ ១៦៨ ជាន់ទី៧ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំនេះ១ ខណ្ឌ- ឫស្សីកែវ រាជធានីភ្នំពេញ។

គួរជម្រាបថា ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ រហូតមកទល់នឹងពេលនេះ បើទោះបីជាវិបត្តិនៃជំងឺនេះ បានវិលត្រឡប់មកល្អប្រសើរហើយក៏ដោយ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញគួរឲ្យកត់សម្គាល់ហើយដែរ ប៉ុន្តែបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, បញ្ហាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងការដំឡើងអត្រាការប្រាក់របស់ប្រទេសសេដ្ឋកិច្ចធំៗ កំពុងតែបន្តជះផលអវិជ្ជមានមកលើសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះវិស័យអចលនទ្រព្យ និងសំណង់ ស្ថិតក្នុងវិស័យដែលបន្តរងផលប៉ះពាល់ខ្លាំង ក្នុងចំណោមវិស័យដទៃទៀត៕