គ្រោះថ្នាក់អាកាសចរណ៍មួយប៊ិះកើតឡើងលើលំហអាកាសទីក្រុង Bengaluru រដ្ឋKarnataka ប្រទេសឥណ្ឌា ខណៈពេលយន្ដហោះ២គ្រឿងដឹកអ្នកដំណើរសរុបប្រមាណជាង៣០០នាក់បានបើកប្រជល់មុខគ្នា។
យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo
តាមស្ថានីយ NDTV នៅថ្ងៃ១៣កក្កដាឱ្យដឹងថា យន្ដហោះAirbus A-320 ពីរគ្រឿងដែលសុទ្ធសឹងជារបស់ក្រុមហ៊ុនIndiGo បានហោះហើរប្រកិតគ្នាដល់ថ្នាក់ធ្វើឱ្យប្រព័ន្ធប្រកាសអាសន្នពីការប៉ះទង្គិចយន្ដហោះបានបញ្ចេញស្នូរប្រកាសអាសន្ន ហើយក៏បានធ្វើការណែនាំឱ្យយន្ដហោះទាំង២ប្ដូរទិសហោះហើរភ្លាមដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។
ប្រភពព័ត៌មានខាងលើ យន្ដហោះទាំង២ស្ថិតនៅចម្ងាយ8.000 m ពេលដែលប្រព័ន្ធបញ្ចៀសការរប៉ះទង្គិចTCAS លើយន្ដហោះធ្វើការប្រកាសអាសន្ននោះ។
TCAS គឺជាប្រព័ន្ធមិនអាចខ្វះបានសម្រាប់យន្ដហោះស៊ីវិលក្នុងការបញ្ចៀសគ្រោះថ្នាក់។ ដូចក្នុងករណីនេះ ប្រព័ន្ធខាងលើ បានបញ្ជាឱ្យយន្ដហោះមួយបន្ថយរយៈកម្ពស់ រួចងាកមកឆ្វេង ហើយយន្ដហោះមួយទៀតបានទទួលបញ្ជាឱ្យបង្កើនរយៈកម្ពស់ រួចងាកស្ដាំ។
យ៉ាងនេះក្ដី ក៏សមត្ថកិច្ចឥណ្ឌាបានបើកការស៊ើបអង្កត ព្រោះករណីនេះត្រូវបានចាត់ទុកដូចជាគ្រោះថ្នាក់មួយ៕
សូយន