ភ្នំពេញ៖ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះ រោងចក្រ សហគ្រាស វិស័យកាត់ដេរមានចំនួន ៧២៧ និងមានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេក្នុងចំណោមរាជធានីខេត្តទូទាំងប្រទេស។

នៅក្នុងឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងចំណោមរោងចក្រ សហគ្រាសទាំងអស់នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដែលផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា និងប្រទេសជប៉ុនជាដើម។

ឯកឧត្តម បន្តថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០ និងកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១៨០៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១។

ឯកឧត្តម បន្តទៀតថា ថ្ងៃទី១៤ មិថុនា ២០២៣នេះ ជាលើកទី១៦ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបចំនួន ១៨ ៣០៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៩ នៅ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងចំណោមរោងចក្រ សហគ្រាស ចំនួន ៩ មានប្រភេទរោងចក្រកាត់ដេរ ចំនួន ៦, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១, និងកាត់ដេរស្បែកជើងចំនួន ២៕
