ភ្នំពេញ៖ អ្នកជំនាញក្នុងឧស្សាហកម្មកាត់ដេរ លោក ខេន លូ និងជាអគ្គលេខាធិការនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឲ្យដឹងថា ទោះបីស្ថានភាពនៃការនាំចេញស្រុតចុះបន្តិចបន្តួចក៏ដោយ តែមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់ដំណើរក្នុងវិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនោះទេ។

ទន្ទឹមនឹងនេះ លោក ខេន លូ បានបញ្ជាក់ថា អ្នកវិនិយោគក៏មិនអាចដើរចេញពីកម្ពុជាភ្លាមៗនោះឡើយ ព្រោះប្រទេសកម្ពុជាគឺជាប្រទេសសក្តានុពលមួយ ជាក់ស្តែងមកដល់ពេលនេះ ទោះបីវិបត្តិនូវបង្ករងផលប៉ះពាល់ តែកម្ពុជានៅតែ ស្រូបយកអ្នកវិនិយោគឲ្យមកបណ្តាក់ទុនជាហូរហែរ ជាពិសេសការរើរោងចក្រចេញពីប្រទេសមីយ៉ាន់ម៉ា និងការហូរចូលពីប្រទេសចិនជាដើម។

លោក បានបន្ថែមថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិពភលោករងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិបត្តិជំងឺកូវីដ១៩ ស្របពេលការផ្ទុះសង្គ្រាមរុស្សី-អ៊ុយក្រែន ហើយក្នុងនោះប្រទេសដែលជាដៃគូររបស់កម្ពុជា ក៏មានសេដ្ឋកិច្ចធ្លាក់ចុះដែរ ដែលជាហេតុធ្វើឲ្យការនំាចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២៣នេះ បានស្រុតចុះ បើធៀបនឹងឆ្នាំ ២០២២កន្លងទៅ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ បានបង្ហាញឲ្យដឹងថា ការធ្វើពាណិជ្ជកម្ម នៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៩ពាន់លានដុល្លារ ថយចុះជាង ២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២, ក្នុងនោះ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើពីក្រណាត់ មានទឹកប្រាក់ប្រមាណជាង ១៨៥៥ លានដុល្លារ ថយចុះជាង ២០ភាគរយ៕