ព្រះសីហនុ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា អគ្គិសនីកម្ពុជា បានយកចិត្តទុកដាក់ និងបានអនុវត្តគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនរង តាមរយៈខ្សែបណ្តាញតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុល និងខ្សែកាបកប់ក្រោមបាតសមុទ្រ ដែលជាប្រវត្តិសាស្ត្រទៅតំបន់ខាងលើ ដែលត្រូវចំណាយថវិកាសរុបចំនួន ១០,៤៤លានដុល្លារ ដែលមានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២,១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩,៦២ គីឡូម៉ែត ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១,៥១ គីឡូម៉ែត្រ និងខ្សែបណ្ដាញកប់ក្រោមបាតសមុទ្រ ប្រវែងសររុបប្រមាណ ២១,០២ គីឡូម៉ែត្រ។

គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្ដាកោះក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ ដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ក្រោមវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការសាងសង់បណ្តាញនេះ គឺស្របតាមអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឲ្យតំបន់កោះក្នុងដែនសមុទ្ររបស់កម្ពុជា ជាពិសេសកោះរ៉ុង មានការអភិវឌ្ឍ និងត្រៀមទទួលយកការវិនិយោគទ្រង់ទ្រាយធំនានា ដូចជា ការសាង់សង់រីស៊ត និងសណ្ឋាគារ ព្រម ទាំងលើកស្ទួយជីវភាព និងគុណភាពនៃការរស់នៅរបស់ប្រជានេសាទជាច្រើនគ្រួសារនៅទីនេះ។

ឯកឧត្តម កែវ រតនៈ បានឲ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគមុន ៥លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់ តាមរយៈធនាគារវីង (WING BANK (CAMBODIA) PLC) ដោយគ្មានការប្រាក់សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះ ក្នុងទឹកប្រាក់ ១លានដុល្លាអាមេរិក ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ ឆ្នាំ។ ក្នុងនោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានសាងសង់បណ្ដាញអគ្គិសនីអាកាសតង់ស្យុង ៣៥គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២២គីឡូម៉ែត្រ បន្ថែមពីខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជា ដែលមានប្រវែងជាង ២០គីឡូម៉ែត្រ ខ្សែបណ្តាញអាកាសតង់ស្យុង ០,៤ គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២០,៨ គីឡូម៉ែត្រ និងដំឡើង ត្រង់ស្វូរ 35/0,4kV មានចំនួន ២គ្រឿង ដែលត្រូវចំណាយថវិកាសរុបចំនួន ២ លានដុល្លាអាមេរិក។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងសាងសង់ស្ថានីយអគ្គិសនីដំណើការដោយពន្លឺព្រះអាទិត្យបន្ថែមទៀត ដែលជាថាមពលកកើតឡើងវិញ និងជាប្រភពជំនួយបន្ថែម។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវបេតុងយ៉ាងច្រើនខ្វាត់ខ្វែងលើកោះទាំងមូល និងកំពុងសាងសង់ព្រលានយន្តហោះផងដែរ។
ឯកត្តម កែវ រតនៈ បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់ការគាំទ្រលើគម្រោងអាទិភាពមួយនេះ។ អគ្គិសនីកម្ពុជា នឹងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះ ឲ្យបានពេញលេញ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការដាក់សម្ពោធសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់ជាតិ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនលំនៅដ្ឋានប្រជាពលដ្ឋទាំងអស់ប្រមាណ ៧០០គ្រួសារ និងបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ឱ្យបានប្រើប្រាស់ថាមពលអគ្គិសនីពីបណ្តាញជាតិ ដែលមានតម្លៃសមរម្យ ដូចបណ្ដាតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមអបអរសាទរក្នុងការទទួលបាននូវសមិទ្ធផលដ៏មានសារៈសំខាន់មួយនេះ សម្រាប់ប្រទេសកម្ពុជាទាំងមូល ដើម្បីពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី បង្កើនគុណភាពអគ្គិសនី និងជាពិសេសកាត់បន្ថយការរអាក់រអួលការផ្គត់ផ្គង់អគ្គិសនីឱ្យបានជាអតិបរមា ធានាបានស្ថិរភាពនៃការផ្គត់ផ្គង់ឱ្យបានកាន់តែប្រសើរ ដែលឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សកម្មភាពសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ និងការប្រើប្រាស់របស់ប្រជាជនជាបន្តបន្ទាប់នៅតំបន់កោះរ៉ុង ក្រុងកោះរ៉ុង ព្រះសីហនុ៕