ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសេដ្ឋកិច្ច៖ វិស័យកសិកម្ម សេវាកម្ម និងទេសចរណ៍ នៅតែសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចនៅកម្ពុជា បានប្រាប់អ្នកព័ត៌មានថា វិស័យ​កសិកម្ម សេវាកម្ម និងទេសចរណ៍ នៅតែដើរតួរនាទីដ៏សំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ។

ក្រុមអ្នកសេដ្ឋកិច្ច បានបន្តវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ថាល្អប្រសើរ ដោយសារការវិលត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្ត​​រា​គមន៍របស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា វិស័យកសិកម្ម ក៏កំពុងមានការលូតលាស់សន្សឹមៗ ហើយកម្ពុជា អាចផ្គត់ផ្គង់ស្បៀងសម្រាប់ខ្លួនឯង ខណៈដែលតម្រូវការច្រើនជាងការផ្គត់ផ្គង់ការនាំចូលផលិតផលកសិផលមួយចំនួន ក៏នៅតែមាន ដែលនេះជាសក្ដានុពលមួយបង្ហាញថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ទើបមានកំណើននៃការនាំចូលទំនិញប្រើប្រាស់ផ្សេងៗជាច្រើន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច នៅតែរំពឹងខ្ពស់ថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ នៅតែរឹងមាំ និងរក្សាបាននូវសញ្ញាវិជ្ជមាន ដោយផ្អែកលើការងើបឡើងវិញនៃវិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេស​​វិស័យឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទេសចរណ៍ជាដើម ខណៈវិស័យសំខាន់ៗ ទាំងអស់នេះ បានបង្កើតឱកាសការងារយ៉ាងច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ ថែមទៀត។​

ប៉ុន្តែបើទោះបីអ្នកជំនាញសេដ្ឋកិច្ចរំពឹងដូចនេះក្តី ក៏របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន​បង្ហាញថា ក្នុងរយៈពេល ៤ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជា បានធ្លាក់ចុះប្រមាណ ៥% ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើងនេះតែម្ដង។ ជុំវិញបញ្ហានេះ អ្នកជំនាញបានអះអាងថា បញ្ហាប្រឈមធំៗ របស់ពិភពលោក ដូចជា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជា ការកើនឡើងនូវអតិផរណា នៅតែបន្តជះឥទ្ធិពលអវិជ្ជមាន សម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ។

គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានរាយការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសកលថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗ របស់កម្ពុជា អាចនឹងមានភាពល្អប្រសើរ ក្នុងឆមាសទី២ ឆ្នាំ២០២៣នេះ ដែលកត្តាទាំងនេះ នឹងអាចជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា មួយកម្រិតទៀត តាមរយៈការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្មទេសចរ និងវិស័យឧស្សាហកម្មមិនមែនកាត់ដេរជាដើម៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>