Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ធ្វើបច្ចុប្បន្នភាពលើឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ លើកទី៤ ដើម្បីផ្តល់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា

spot_img

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានធ្វើបច្ចុប្បន្នកម្មជាលើកទី៤ហើយ គិតចាប់តាំងពីការរៀបចំឱ្យមានឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ នៅឆ្នាំ២០០១មក ដើម្បីផ្តល់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអាចរំពឹងទុកបាន។

 នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ដែលជាការធ្វើបច្ចុប្បន្នកម្មពីឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ពីឆ្នាំ២០១៥-២០២៥។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា តាមរយៈឯកសារដ៏មានសាៈសំខាន់នេះ វិស័យហិរញ្ញវត្ថុកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន ដែលជួយគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្មនៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម បានបន្តថា ជាទូទៅឯកសារយុទ្ធសាស្ត្ររយៈពេលវែងនេះ ត្រូវបានធ្វើបច្ចុប្បន្នកម្ម នៅរៀងរាល់ ៥ឆ្នាំម្តង គឺនៅពាក់កណ្តាលនៃអំឡុងពេលអនុវត្តយុទ្ធសាស្ត្រ ដើម្បីឱ្យស្របតាមការវិវត្ត និងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាពង្រឹងការអនុវត្តគោលនយោបាយនានានៅក្នុងផែនការសកម្មភាពអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជា ចាន់តូ បានស្នើសុំឱ្យតំណាងអាជ្ញាធរហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ និងភាគីពាក់ព័ន្ធផ្សេងទៀតសហការផ្តល់ធាតុចូលដើម្បីពង្រឹងភាពជាម្ចាស់នៃឯកសារយុទ្ធសាស្ត្រនេះ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា កន្លងមក ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរហិរញ្ញវត្ថុទាំងធនាគារ និងមិនមែនធនាគារ បានជួបពិភាក្សាជាច្រើនលើក ច្រើនសាររួចមកហើយ ជាមួយក្រុមជំនាញការ តាមប្រព័ន្ធអនឡាញ និងបានផ្តល់ជាធាតុចូលនានា ដើម្បីរួមចំណែកកែលម្អខ្លឹមសារនៃសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ស្របតាមសមិទ្ធផល ការប្រឈម និងទិសដៅនៃការអភិវឌ្ឍទៅតាមវិស័យនីមួយៗ៕

spot_img
×