តាម RT ចិនដែលជាវិនិយោគគិនធំបំផុតនៅ Zimbabwe អំឡុងប៉ុន្មានឆ្នាំមកនេះ បានថ្លែងទាត់ចោលការចោទប្រកាន់ថា មានពាក់ព័ន្ធក្នុងរដ្ឋប្រហារយោធាប្រទេសនេះ។
នៅព្រឹកព្រលឹមថ្ងៃទី ១៥/១១ កងទ័ព Zimbabwe បានធ្វើការដាក់ពង្រាយពលទាហាន អាវុធធុនធ្ងន់ ដណ្តើមសិទ្ធិត្រួតត្រារដ្ឋធានី Harare និងស្ថានីយ៍ទូរទស្សន៍ជាតិ។
ទោះបីជាបានឃុំខ្លួនប្រធានាធិបតីប្រទេសខ្លួនហើយក្តី តែក្រុមយោធានៅតែបដិសេធថា នេះជាទង្វើធ្វើរដ្ឋប្រហារ។ តួអង្គម្នាក់ដែលគេជឿថាស្ថិតនៅពីក្រោយរដ្ឋប្រហារនេះគឺមេបញ្ជាការកងទ័ព Zimbawe Constantino Chiwenga អ្នកដែលទើបទៅទស្សនកិច្ចចិនកាលពីសប្តាហ៍មុន។
ភាពតានតឹងប្រទេសនេះកើតឡើងខណៈពេលដែលប្រធានាធិបតី Zimbabwe Mugabe បានធ្វើការដកហូតតំណែងរបស់អនុប្រធានាធិបតី Emmerson Mnangagwa ដែលមុននោះត្រូវបានចាត់ទុកជា “ដៃស្តាំ” ឬអ្នក “បន្តវេន” ពីលោក។
ក្រោយពីត្រូវដកហូតតំណែងលោក Mnangagwa ត្រូវបានគេដឹងថា ដោយមានជំនួយពីអតីតឯកអគ្គរដ្ឋទូត Zimbabwe ប្រចាំទីក្រុងប៉េកាំង Chris Mutsvangwa។ ការអន្តរាគមន៍លូកដៃចូលរបស់ចិន កាន់តែច្បាស់លាស់គ្រារូបថតដែលភាគីចិន ទម្លាយចេញបង្ហាញឲ្យឃើញអគ្គបញ្ជាការកងទ័ព Zimbabwe Chiwenga កំពុងជួបប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិចិននោះ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការបដិសេធដោយថា នេះគ្រាន់តែជាសកម្មភាពជំនួបជាប្រចាំរវាងកងទ័ពប្រទេសទាំង២ និងពុំទាក់ទងអ្វីជាមួយស្ថានការណ៍របស់ Zimbabwe ពោលនោះទេ។ ចិនជាអ្នកវិនិយោគធំបំផុតនៅប្រទេសនេះ ដោយជាមធ្យមក្នុង១ខែប្រមាណ ៣០លានដុល្លារ ទៅលើវិស័យថ្នាំជក់ និងវិស័យដទៃទៀតមួយចំនួន។
តាំងពីដើមឆ្នាំមកប្រាក់យ័នរបស់ចិន បានក្លាយជាលុយធ្វើចរាចរណ៍ផ្លូវការ ព្រមជាមួយដុល្លាររបស់អាមេរិក និង Rand របស់អាហ្វ្រិកខាងត្បូង។ រីឯលុយរបស់ Zimbabwe វិញវាអតិផរណា ជិះសេះលែងដៃទៅហើយ៕ សូយន