ពិតណាស់ ទន្ទឹមនឹងប្រព័ន្ធបច្ចេកវិទ្យាត្រូវបានអភិវឌ្ឍន៍កាន់តែទំនើប ដែលផ្តល់ភាពងាយស្រួលដល់ទាំងអ្នកលក់ និងអ្នកទិញ អាចដោះដូរទំនិញ ផលិតផលយ៉ាងឆាប់រហ័ស នោះក៏មានល្បិចបោកបោកប្រាស់ស្ទើរគ្រប់រូបភាព ជាពិសេសពីសំណាក់អ្នកលក់ទុច្ចចរិត ឬអ្នកលក់ក្លែងក្លាយ តែម្តង ដែលតែងកើតមានជារឿយៗ។
ជាក់ស្តែង ថ្មីៗនេះ មានបុគ្គលជាមនុសស្រីរកស៊ីបោកប្រាស់ម្នាក់ បានយករូប និងឈ្មោះអ្នកស្រី អ៊ាន សៀវម៉ី បង្កើតក្នុង Telegram ដើម្បីបោកប្រាស់ប្អូនអ្នកទិញ ដោយឲ្យស្កេន QR កូដ វេលុយឲ្យមុន ទើប Booking ដឹកជញ្ជូនឥវ៉ាន់ឲ្យតាមក្រោយ ដោយមិនដឹងថា បានបោកប្រាស់អ្នកទិញដែលមានជំនឿទុកចិត្តគិតថាជាអ្នកស្រី សៀវម៉ី អស់ប៉ុន្មាននាក់នោះទេ។
ក្រោយពីមានជនរងគ្រោះបានមកជជីកសួរអំពីរឿងនេះ អ្នកស្រី អ៊ាន សៀវម៉ី ក៏បានចេញមកបញ្ជាក់បែបនេះថា៖ «សូមបងប្អូនប្រុសប្រយ័ត្ន ក្រុមហ៊ុនយើងខ្ញុំមិនមានស្គេន QR កូដ មិនមាន តេឡេក្រាមទេ ហើយក៏អត់មានក្រុមហ៊ុន Grap ដឹកជញ្ជូនអោយដែរ គឺខាងក្រុមហ៊ុនយើងខ្ញុំជាអ្នកដឹកជញ្ជូនដោយផ្ទាល់ លេខវេរលុយមានតែមួយខ្សែរគត់…»។
ទន្ទឹមនឹងនេះ ក៏មានបងប្អូនអ្នកលេងបណ្តញសង្គមជាច្រើន ដែលធ្លាប់ជួបករណីនេះ បានប្រាប់ឲ្យដឹងផងដែរថា «ថ្ងៃមុនក៏វាអេតតេឡេក្រាមមកខ្ញុំដែរបង, ខ្ញុំក៏ចឹងដែរបង តែខ្ញុំដឹង ព្រោះបងម៉ួយជិត៣ឆ្នាំហើយ, ឃើញឆាតមកខ្ញុំដែរ ឱ្យវេលុយ តែសំណាងដែលខ្ញុំអត់ឲ្យ ខ្ញុំថាចាំអីវ៉ាន់ដល់បានខ្ញុំឲ្យលុយ, បងស្ដាយណាស់ ខ្ញុំភ្លេចស្គីនសត ផ្ញើជូនបង ខ្ញុំដឹងថាវាបោកហើយ ខ្ញុំក៏ប្លុកវាចោលម្មងទៅ,…»។
ទោះជាយ៉ាងណា អ្នកស្រី អ៊ាន សៀវម៉ី បានបញ្ជាក់ថា នៅពេលនេះអ្នកស្រីកំពុងឲ្យខាងច្បាប់ចាត់វិធានការទៅលើបុគ្គលបោកប្រាស់នោះហើយ ដោយអ្នកស្រីបាននិយាយថា៖ «ខាងខ្ញុំកំពុងធ្វើតាមច្បាប់ហើយអូន, អត់អីទេអូនមិនយូរទេ វានឹងចេញអោយមហាជនឃើញមុខវាជាអ្នកណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







