Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ អភិវឌ្ឍប្រព័ន្ធទូទាត់តាមឌីជីថល CSS ដើម្បីជាមធ្យោបាយងាយស្រួល អាចទូទាត់ឆ្លងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុទាំងអស់ និងធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់

spot_img

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធទូទាត់ជាការងារអាទិភាពសំខាន់សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់មធ្យោបាយទូទាត់ប្រកប​ដោយ​នវានុវត្តន៍ មានភាពរឹងមាំ សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីសម្រួលការទូទាត់ពាណិជ្ជកម្មទាំងក្នុងប្រទេស និងក្នុងតំបន់ ដើម្បីទ្រទ្រង់ដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការរីកចម្រើនទៅមុខឥតឈប់ឈរ។

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ទើបតែបានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០២៣នេះ ដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់ អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណ ទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីន ATM/POS របស់គ្រឹះស្ថានសមាជិក និងជា Local Switch សម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី បានឲ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធ CSS ជាគំនិតផ្តួចផ្តើមថ្មីមួយទៀតរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការសម្រួលប្រតិបត្តិការទូទាត់សងប្រាក់តាមរយៈប័ណ្ណទូទាត់នៅប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន ATM ដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់ រហ័ស និងការប្ដូរលេខសម្ងាត់។

លោកជំទាវបណ្ឌិតទេសាភិបាលរង បានអះអាងថា អតិថិជនក៏អាចធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន POS ដូចជា ការទិញទំនិញ ការពិនិត្យសមតុល្យ ការដកសាច់ប្រាក់ ការបញ្ជូនមូលនិធិ ត្រឡប់មកវិញ (Refund) និង Purchase reversal។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នៃប្រព័ន្ធទូទាត់សងប្រាក់ និងការចាប់យកការប្រើប្រាស់ សេវាឌីជីថលយ៉ាងឆាប់រហ័សពីសំណាក់ប្រជាជនកម្ពុជា ធនាគារជាតិនៃកម្ពុជា បានបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ទៅតាមដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡា។

គួរជម្រាបថា បច្ចុប្បន្ននេះ មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់ប្រព័ន្ធ CSS សរុបចំនួន ៥៦គ្រឹះស្ថាន ក្នុងនោះ ធនាគារពាណិជ្ជ ៤៨ គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ ជាសមាជិកផ្ទាល់ និងធនាគារពាណិជ្ជមានចំនួន៣ ជាសមាជិកមិនផ្ទាល់៕

spot_img
×