Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរណ៍ថៃ ឈរលើកំពូលតារាង ក្នុងចំណោមភ្ញៀវទេសចរបរទេស មកកម្សន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ថៃ បានឈរលើកំពូលតារាងក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលមកកម្សន្តនៅកម្ពុជា ក្នុងអំឡុងពីខែមករា ដល់ខែមិថុនាឆ្នាំ២០២៣នេះ បន្ទាប់មកគឺប្រទេសវៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា មានភ្ញៀវទេសចរបរទេសប្រមាណ ២,៥៧ លាននាក់បានមកកម្សាន្តនៅកម្ពុជា ក្នុងឆមាសទី១នៃឆ្នាំ ២០២៣នេះ ដែលមានការកើនឡើងពីចំនួន ៤០៩% ឬស្មើនឹង ៥០៦,៧៦២នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម បានលើកឡើងទៀតថា “ភ្ញៀវទេសចរបរទេសប្រមាណ ៩១០.០០០នាក់ បានមកទស្សនាកម្ពុជាតាមផ្លូវអាកាស កើនឡើង ២៧៩% ផ្លូវគោក ១.៦៣ លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកចំនួន ៣០.០០០ នាក់ កើនឡើង ៥៨៦%” ដោយលោកបានបន្ថែមថា កម្ពុជាបានស្វាគមន៍ជើងហោះហើរអន្តរជាតិសរុបចំនួន ១០,៦៣៥ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

ផ្អែកលើការព្យាករណ៍ចុងក្រោយ កម្ពុជាអាចទទួលបានទេសចរបរទេសដល់ ៥ លាននាក់នៅឆ្នាំ២០២៣ កើនឡើង ១២០% ឬស្មើនឹង ២,២៧ លាននាក់ ក្នុងឆ្នាំ ២០២២”។ ចំនួនភ្ញៀវបរទេសមកកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៧ លាននាក់ក្នុងឆ្នាំ២០២៥។ ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ១៩ ដែលត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន ៥.៦% នៅឆ្នាំ២០២៣នេះ។ ការបើកប្រទេសចិនឡើងវិញនៅដើមឆ្នាំនេះ ក៏បានជំរុញកំណើនទេសចរណ៍របស់កម្ពុជាដែរ ហើយកម្ពុជារំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរចិនពី ៨០ម៉ឺននាក់ ទៅ១លាននាក់ នៅឆ្នាំ២០២៣នេះ​ផងដែរ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ ជាសសរស្តម្ភមួយ ដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ កសិកម្ម សំណង់ និងអចលនទ្រព្យ។ លើសពីនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានតំបន់បេតិកភណ្ឌពិភពលោកចំនួនបី គឺឧទ្យានបុរាណវត្ថុអង្គរ ប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្រៅពីនេះ កម្ពុជា ក៏មានឆ្នេរសមុទ្រ កាត់ខេត្តចំនួន ៤ គឺខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប៕

×