Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាពនាំចេញ និងនាំចូលរបស់កម្ពុជា ៦ខែ ពាក់កណ្តាលឆ្នាំ២០២៣នេះ មិនល្អប្រសើរនោះទេ

spot_img

ភ្នំពេញ៖ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានឲ្យដឹងថា ៦ខែ ឆ្នាំ២០២៣នេះ ការនាំចេញ-នាំចូលរបស់កម្ពុជា មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារវិបត្តិសាកលសង្គ្រាមរុស្សី-អ៊ុយក្រែន។

ប្រធានសមាគមរូបនេះ បានលើកឡើងថា ស្ថានភាពនៃការនាំចេញ និងនាំចូលរបស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មិនមានស្ថានភាពល្អប្រសើរនោះទេ ពោលគឺមានចំនួនថយចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន និងវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយមិនទាន់ចប់ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច នៅលើសាកលលោកទាំងមូល។

ប៉ុន្តែយ៉ាងណាមិញ សម្រាប់កម្ពុជា ក្នុងជំនួបរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីក ជាលើកទី៣នៅរាជធានីភ្នំពេញ ប្រធានសមាគមរូបនេះ មានក្តីរំពឹងថា វិស័យដឹកជញ្ជូននឹងមានភាពល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក និងផ្លូវគោក។ ​ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រមទាំងមានគម្រោងកសាងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ផងដែរ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យដឹកជញ្ជូនកម្ពុជា នាពេលអនាគត។

សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំជំនួបជួបជុំរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីកជាលើកទី៣ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីបង្កើតឲ្យមានកិច្ចសហការគ្នា និងការទំនាក់ទំនងគ្នា រវាងអាជីវកម្មដឹកជញ្ជូនដូចគ្នា និងដើម្បីបំពេញចម្លោះខ្វះខាតនៃសេវាកម្មរបស់ខ្លួន។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅខែមករា ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញកើនឡើង ១៦.៤% ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ នៅឆ្នាំ២០២២  បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានតម្លៃ ១៩ពាន់លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញ ក្នុងតម្លៃជិត ៣០ពាន់លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើងជាង ៥២ពាន់លានដុល្លារ៕

spot_img
×