នៅខេត្ត ឈៀងសាន ជាតំបន់ភ្នំដាច់ស្រយាលនៃប្រទេសថៃ (ជាប់ព្រំដែនមីយ៉ាន់ម៉ា និងឡាវ) មានកាហ្វេមួយប្រភេទដែលមានតម្លៃថ្លៃជាងគេ នោះគឺ «ផលិត» ពីលាមកដំរី។ ស្តាប់ទៅចម្លែក ប៉ុន្តែវាជាការពិត។
ស្ត្រីម្នាក់កកាយលាមកដំរី ដើម្បីរកគ្រាប់កាហ្វេដ៏ចម្លែក តែជាទង្វើបង្កើតភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ១កែវតម្លៃជិត ៥០ ដុល្លារ ធ្វើឱ្យអ្នកមានលុយចាប់អារម្មណ៍។ យ៉ាងណាមិញ បើអ្នកគ្រាន់តែមើលរូបភាព អ្នកនឹងមានអារម្មណ៍ថា ស្ត្រីដែលកកាយលាមកដំរី ដើម្បីទទួលបានគ្រាប់ខ្មៅទាំងនោះ គឺជាអាកប្បកិរិយាចម្លែក។ ប៉ុន្តែវាជាប្រតិបត្តិការមួយដែលត្រូវការដើម្បីបង្កើតភេសជ្ជៈថ្លៃបំផុតនៅលើពិភពលោក។
សហគ្រិន Blake Dinkin (មកពីប្រទេសកាណាដា) គឺជាស្ថាបនិកនៃ Black Ivory Coffee -ជាក្រុមហ៊ុនប្រើប្រាស់គ្រាប់កាហ្វេ ដែលបានជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីបង្កើតភេសជ្ជៈ ដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោក។
ជាក់ស្តែង ឥឡូវនេះ សណ្ឋាគារប្រណិតលំដាប់កំពូលមួយរបស់ប្រទេសថៃ បាននិងកំពុងបម្រើកាហ្វេក្លិនដំរីក្រអូបដល់ភ្ញៀវ។
ហេតុអ្វីបានជាកាហ្វេ កើតចេញពីលាមកដំរី?
នៅឯរមណីយដ្ឋាន Anantara ក្នុងខេត្ត Chiang Saen ដែលជាជម្រករបស់សត្វដំរីជាច្រើន កាហ្វេដ៏មានតម្លៃត្រូវបានឆុងនៅចំពោះមុខភ្ញៀវ នៅក្នុងម៉ាស៊ីនកាហ្វេដ៏ប្រណិតរបស់បារាំង ក្នុងសតវត្សទី19 ។
លោក Blake Dinkin និយាយថា៖ «ពេលខ្ញុំពន្យល់ពីគម្រោងរបស់ខ្ញុំដល់អ្នកជិះដំរី ខ្ញុំដឹងថា ពួកគេគិតថាខ្ញុំឆ្កួត»។
ដំបូងឡើយ លោក Dinkin បានពិចារណាធ្វើកាហ្វេ “kopi luwak” ដែលប្រើគ្រាប់ទទួលបានពីការទម្លាក់ចោលរបស់សត្វសំពោចអាស៊ី។ ប៉ុន្តែគុណភាពផលិតផលចុងក្រោយ បានធ្លាក់ចុះដោយសារតម្រូវការបានកើនឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាម។
សត្វសំពោច តែងត្រូវបានរក្សាទុកក្នុងទ្រុង ហើយបង្ខំឱ្យស៊ីកាហ្វេ។ នេះគឺផ្ទុយស្រឡះពីបំណងប្រាថ្នារបស់ Dinkin ក្នុងការការពារជាជាងបំផ្លាញបរិស្ថាន។
សត្វតោ និងសត្វហ្សីរ៉ាហ្វ ក៏ត្រូវបានគេពិចារណាផងដែរ ប៉ុន្តែ Dinkin ទីបំផុតបានសម្រេចចិត្តលើសត្វដំរី បន្ទាប់ពីបានរកឃើញថា សត្វទាំងនេះពេលខ្លះក៏ស៊ីកាហ្វេក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតនៅអាស៊ីអាគ្នេយ៍។
គាត់បានសម្រេចចិត្តចាប់ដៃគូជាមួយអង្គការសប្បុរសធម៌ជួយសង្គ្រោះសត្វដំរី ដើម្បីរំដោះសត្វពីពាណិជ្ជកម្មទេសចរណ៍។ ប៉ុន្តែការធ្វើកាហ្វេពីលាមកដំរីគឺពិបាកជាងការគិតទៅទៀត។
លោក Dinkin និយាយថា៖ «អង់ស៊ីមនៅក្នុងក្រពះរបស់សត្វដំរី ដើរតួដូចជាចង្ក្រានយឺតមួយប្រភេទ ដែលគ្រាប់កាហ្វេត្រូវបានផ្សំជាមួយឱសថ និងផ្លែឈើដែលវាស៊ី។ ហើយនៅពេលដែលគ្រាប់កាហ្វេឆ្លងកាត់បំពង់រំលាយអាហាររបស់ដំរី – ដំណើរការដែលចំណាយពេល 17 ម៉ោង – អាស៊ីតរំលាយអាហារនឹងបំបាត់ភាពជូរចត់ចេញពីពួកវា»។
លោក Dinkin បានប្រាប់ NPR ថា «សត្វដំរីស៊ីស្មៅច្រើន និងសារធាតុពណ៌បៃតងច្រើន។ សម្រាប់សត្វស្មៅ ការរំលាយអាហារតម្រូវឱ្យមានជាតិ fermentation ដើម្បីបំបែកសែលុយឡូស។ fermentation គឺល្អសម្រាប់របស់របរដូចជាស្រា ស្រាបៀរ ឬកាហ្វេ ព្រោះវាបញ្ចេញជាតិស្ករនៅក្នុងគ្រាប់កាហ្វេ»។
យោងតាមលោក Dinkin ដំណើរការនៃការ fermentation លុបបំបាត់រសជាតិជូរចត់របស់កាហ្វេ មិនចាំបាច់ប្រើស្ករដើម្បីផ្អែមទៀតទេ។
លោកបានបន្តថា៖ «ខ្ញុំចង់ឲ្យមនុស្សបានភ្លក្សរសជាតិអ្វីដែលពិសេសជាងកាហ្វេអាំង។ ក្លិនក្រអូប គឺដូចជាការលាយបញ្ចូលគ្នានៃផ្កា និងសូកូឡា រសជាតិគឺដូចជាសូកូឡា malt ជាមួយ cherry មិនមានជូរចត់។ ដូច្នេះវាដូចជាការបង្កាត់ពូជរវាងកាហ្វេ និងតែ»។
គាត់បាននិយាយថា «ខ្ញុំបាត់បង់កាហ្វេច្រើន នៅពេលខ្ញុំយកដំរីទៅងូតទឹកនៅពេលព្រឹក។ នោះដោយសារតែដំរីពេលខ្លះបានបន្ទោរបង់ទៅក្នុងទន្លេនៅពេលងូតទឹក»។
កម្មករប្រមូលគ្រាប់កាហ្វេពីលាមកដំរី មុននឹងលាងសម្អាតវាទៅហាលថ្ងៃ។ ការងារនេះក៏រួមចំណែកបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានផងដែរ។
លោក Dinkin បានបន្ថែមថា “សម្មតិកម្មរបស់ខ្ញុំគឺថា fermentation ធម្មជាតិកើតឡើងនៅក្នុងពោះវៀនដំរី។ ជាតិ fermentation បង្កើតរសជាតិដែលអ្នកមិនអាចទទួលបានពីកាហ្វេផ្សេងទៀត»។
នៅឯរមណីយដ្ឋានព្រៃ ដែលជាជម្រករបស់ហ្វូងដំរី អ្នកអភិរក្សដំបូងឡើយ មានការសង្ស័យចំពោះគំនិតនេះ ដោយសារតែពួកគេគិតថា ជាតិកាហ្វេអ៊ីននឹងប៉ះពាល់ដល់សត្វដំរី។
ប៉ុន្តែ លោក Dinkin បាននិយាយថា គាត់បានធ្វើការជាមួយពេទ្យសត្វនៅប្រទេសកាណាដា។ គាត់បានធ្វើតេស្ដឈាមលើសត្វដំរី ហើយបានរកឃើញថា ពួកវាមិនស្រូបជាតិកាហ្វេអ៊ីនទេ នៅពេលវាស៊ីផ្លែប៊ឺរីកាហ្វេឆៅ។
លោក Dinkin ក៏បានឲ្យដឹងថា ដើម្បីធ្វើឱ្យកាហ្វេសម្រេចបានមួយគីឡូក្រាម ដំរីត្រូវប្រើប្រាស់គ្រាប់កាហ្វេស្រស់ប្រហែល ៣៣ គីឡូក្រាម រួមជាមួយនឹងរបបអាហារធម្មតានៃអំពៅ និងចេក។
ផលិតផលថ្មីនេះ បានគ្រង “តំណែង” យ៉ាងឆាប់រហ័ស ពីកាហ្វេ Weasel ដែលថ្លៃបំផុតរបស់ពិភពលោក គឺនៅពេលដែលវាត្រូវបានលក់ក្នុងតម្លៃ $2,000/kg ខណៈការហ្វេ weasel coffee តម្លៃត្រឹម $1,000/kg។ ប៉ុន្តែវាបានក្លាយជាភេសជ្ជៈដែលធ្វើឱ្យអ្នកមានចាប់អារម្មណ៍។ អតិថិជនសុខចិត្តបង់ថ្លៃខ្ពស់កប់ពពកសម្រាប់ផលិតផល “មិនធម្មតា” នេះ។
យោងតាមសារព័ត៌មាន Daily Mail កាហ្វេ Black Ivory បច្ចុប្បន្ន ត្រូវបានលក់ផ្តាច់មុខនៅសណ្ឋាគារប្រណិតៗនៅអាស៊ី ភាគច្រើននៅប្រទេសថៃ សិង្ហបុរី និងហុងកុង។
លើសពីនេះ គ្រួសាររបស់ទ្រមាក់សត្វដំរី ត្រូវបានបង់ឲ្យ ក្នុងការប្រមូលគ្រាប់កាហ្វេពីលាមកដំរី ហើយ ៨% នៃតម្លៃលក់ត្រូវបានបរិច្ចាគទៅមូលនិធិដែលជួយចំណាយលើការព្យាបាលបសុពេទ្យ និងសម្ភារៈសម្រាប់សត្វដំរី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង