សូមបញ្ជាក់ថា ស្រ្តីជនជាតិថៃ ខណៈកំពុងឡើងលើជណ្តើរយន្តតាមផ្លូវទៅកាន់ច្រកទ្វារសម្រាប់ជើងហោះហើរទៅកាន់ខេត្ត Nakhon Si Thammarat កាលពីវេលាម៉ោងប្រហែល ៨ និង៣០ ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅពេលនោះនាងបានដួល ហើយជើងរបស់នាងបានជាប់គាំងនៅក្នុងចន្លោះដែក ក៏ត្រូវបានម៉ាស៊ីនជណ្តើរ កៀបបណ្តាលឲ្យដាច់សាច់ដុំ និងសរសៃពួរ និងឆ្អឹង ធ្វើឲ្យនាងស្រែកឡើងដ៏រន្ធត់។
ខណៈពេលនោះ គ្រូពេទ្យបានធ្វើការកាត់ជើងរបស់នាងនៅនឹងកន្លែងភ្លាមៗ ដើម្បីរំដោះនាងចេញពីជណ្តើរ។ នាងត្រូវបានគេដាក់យ៉ាងប្រុងប្រយ័ត្ននៅលើរទេះរុញ ខណៈជើងដែលដាច់របស់នាងត្រូវបានការពារក្នុងប្រអប់ស្នោ ហើយត្រូវបញ្ជូនយ៉ាងលឿនតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យ។
ទោះជាយ៉ាងណា ស្រ្តីរងគ្រោះដែលត្រូវបានស្គាល់មានឈ្មោះថា Suphannee Kittirattana អាយុ ៥៧ ឆ្នាំ នៅពេលនេះ គាត់អាចរៀនដើរបានខ្លះៗវិញហើយ បន្ទាប់ពីត្រូវបានសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ អស់រយៈពេលជិត ២ សប្តាហ៍មកនេះ។
នេះបើយោងតាមកូនប្រុសរបស់ស្រ្តីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Krit Kittirattana បានបង្ហោះឃ្លីបខណៈម្តាយរបស់គាត់ រៀនដើរដោយអមជំនួយពីបុគ្គលពេទ្យប្រុសស្រី២នាក់ ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ «ម្តាយរបស់ខ្ញុំអាចដើរបាន ១៥ នាទីថ្ងៃនេះ ហើយគាត់ត្រូវហាត់ជារៀងរាល់ថ្ងៃ។ វាជាការលើកទឹកចិត្តមិនគួរឱ្យជឿ ទោះមានរឿងអ្វីកើតឡើងយ៉ាងណាក៏ដោយ ក៏គាត់នៅតែស្រស់ស្អាតដូចសព្វដង។ ខ្ញុំសង្ឃឹមថា មិនយូរប៉ុន្មាន គាត់នឹងរត់លឿនជាងខ្ញុំ»។
ទាក់ទងឧបទ្ទវហេតុនេះ លោកសាស្ត្រាចារ្យ Weerachai Phutthawong នៃសាកលវិទ្យាល័យ Kasetsart បានលើកឡើងថា គ្រោះថ្នាក់បានកើតឡើង គឺនៅពេលដែលប៊ូឡុងចំនួន ៣ ក្នុងចំណោម ៤ ដែលទ្របន្ទះដែក បានដាច់ពេលជនរងគ្រោះដើរមក។
លោកក៏បានពន្យល់ថា៖ «ដូចបានឃើញក្នុងរូបភាពនេះ មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ គឺផ្នែកផ្ទៃធ្លាក់ចេញពីផ្លូវដែក ព្រោះប៊ូឡុងបីក្នុងចំណោមទាំងបួន (A, B, C) មិនអាចទ្របាន។ មានតែប៊ូឡុងនៅក្នុងទីតាំង D ប៉ុណ្ណោះដែលនៅដដែលនៅពេលដែលចានធ្លាក់ចុះ។ បន្ទាប់មក ជើងរបស់អ្នកដំណើរ ក៏បានរអិលធ្លាក់ចូលក្នុងគម្លាតនោះតែម្តង។
ប៉ូលីសភូមិន្ទថៃ បានរិះគន់អាកាសយានដ្ឋាននេះ ចំពោះការខកខានរបស់ខ្លួនក្នុងការផ្តល់វីដេអូ CCTV នៃឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងម្តាយជនជាតិថៃ ទោះបីជាមានការស្នើសុំភស្តុតាងកាលពីសប្តាហ៍មុនក៏ដោយ។ លោកវរសេនីយ៍ឯក Adirek Thongkaemkaew អធិការនគរបាលស្រុក Don Muang បានបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានកិច្ចសហការណាមួយពីអាកាសយានដ្ឋាននៅឡើយ។
ការស៊ើបអង្កេតកំពុងបន្ត ដោយអាជ្ញាធរបានប្រមូលសក្ខីកម្មសាក្សី និងភស្តុតាងពាក់ព័ន្ធផ្សេងទៀត។
ឆ្លើយតបនឹងឧបទ្ទវហេតុនេះ ផ្លូវដើរស្វ័យប្រវត្តិទាំង២០នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង ត្រូវបានបិទភ្លាមៗ ខណៈដែលអាកាសយានដ្ឋានទូទាំងប្រទេស បានត្រួតពិនិត្យប្រព័ន្ធជណ្តើរយន្តរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានដូចករណីនេះទៀត។
ទោះជាយ៉ាងណា នាយក និងអ្នកគ្រប់គ្រងអាកាសយានដ្ឋាន ដនមឿង បាននិយាយថា «ពួកយើងបានទៅសួរសុខទុក្ខស្រ្តីរងគ្រោះ ដើម្បីតាមដានការព្យាបាលរបស់នាង និងទទួលបានព័ត៌មានថ្មីៗពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Bhumibol ដែលបានរាយការណ៍ថា នាងកំពុងសម្រាកព្យាបាល។ យើងពិតជាមានការសោកស្ដាយជាខ្លាំងចំពោះឧបទ្ទវហេតុនេះ ហើយបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការទទួលខុសត្រូវ និងក៏ដូចជាការរ៉ាប់រងថ្លៃព្យាបាលទាំងអស់ និងការផ្តល់សំណងផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង