ភ្នំពេញ ៖ រូបម៉ាឡាកាំង ឬទីងមោងដ៏ចម្លែកមួយដែលព្រះចៅអធិការវត្តសំបួរមាស ព្រះនាម កុង ពិសី បានរើសយកមកតាំងក្រោមដើមជ្រៃ មុខកុដិរបស់លោក ជាងមួយសប្តាហ៍ហើយ ធ្វើឲ្យអ្នកភូមិពុទ្ធបរិស័ទ មានការភ័យខ្លាចដោយសង្ស័យថាមានព្រលឹងវិញ្ញាណខ្មោចសណ្ឋិតនៅក្នុងរូប។

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មានយើងក៏បានចុះទៅធ្វើការសាកសួរព្រះចៅអធិការវត្តសំបួរមាស ព្រះនាម កុង ពិសី ជុំវិញរឿងរ៉ាវ អ្នកភូមិនិងពុទ្ធបរិស័ទចំនុះជើងវត្តដែលស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលពួកគាត់មានអបីជំនឿទៅលើរូបម៉ាឡាកាំងខាងលើ ដោយពួកគាត់មានការភ័យខ្លាច ខណ:ឃើញរូបទីងមោងដ៏ចម្លែកនេះ ដែលមើលយូរទៅគួរឲ្យខ្លាច។

ដោយឡែកបុរសម្នាក់ ដែលជាអ្នកយាមមឈូស និងបច្ឆានៅកន្លែងបូជាសពគាត់បានប្រាប់ថា រូបគាត់ធ្លាប់ដេកយាមសាកសពជាច្រើនឆ្នាំមកហើយ មិនដែលចេះខ្លាចខ្មោចលងនោះទេ ទើបតែឃើញរូបម៉ាឡាកាំងដ៏ចម្លែកនេះ ធ្វើឲ្យគាត់មានអារម្មណ៍ព្រឺក្បាលខ្លាចខ្មោចតែម្តង។
ចំណែកបុរសម្នាក់ទៀតដែលជាកម្មករធ្វើសំណង់ នៅក្នុងវត្តគាត់បានប្រាប់ថា ពិតជាមានវិញ្ញាណខ្មោចសណ្ឋិត នៅក្នុងរូបម៉ាឡាកាំងខាងលើនេះពិតប្រាកដមែន។
ចំពោះរឿងរ៉ាវម៉ាឡាកាំងខាងលើនេះ អ្នកភូមិសំណូមពរឲ្យព្រះចៅអធិការវត្ត មេត្តាយកទៅណាឲ្យឆ្ងាយទៅ ឬមួយយកទៅដុតកម្ទេចចោលទៅ កុំឲ្យអ្នកភូមិមានការភ័យខ្លាចជាបន្តទៅទៀត៕ រក្សាសិទ្ធដោយ ៖ សួង សាម


