ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ស្ថិតក្នុងបរិបទដែលវិស័យអចលនទ្រព្យកម្ពុជា ជួបវិបត្តិ វាក៏ជាឪកាសល្អសម្រាប់វិនិយោគិន ដែលមានធនធាន ឬទុនបម្រុងគ្រប់គ្រាន់ ឆ្លៀតឪកាសប្រមូលទិញអចលនទ្រព្យទុក ដើម្បីទទួលបានផលចំណេញនៅពេលដែលទីផ្សារអចនទ្រព្យប្រសើរឡើងវិញ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong និងជាអ្នកជំនាញដ៏មានបទពិសោធន៍មួយរូបនៅក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ស្ថិតក្នុងបរិការណ៍នេះ សម្រាប់អ្នកដែលមានទុនបម្រុង ក៏មានឪកាសច្រើន ក្នុងការស្វែងរកប្រភេទអចលនទ្រព្យដែលល្អ និងមានតម្លៃសមរម្យ ថែមទៀតផង។

ជុំវិញបញ្ហាហានិភ័យនៃវិស័យអចលនទ្រព្យនេះដែរ ធនាគារជាតិនៃកម្ពុជា បានឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជា ជំរុញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យ ដែលអាចរងហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការធ្លាក់ចុះតម្រូវការក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានព្យាករថា នៅក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា នឹងអាចមានកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាបក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងគាំទ្រជាចម្បងដោយការនាំចេញទំនិញ និងការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ជាមួយនិងក្តីរំពឹងពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសផ្សេងៗដូចជាចិន និងកូរ៉េ ដើម្បីជួយទាក់ទាញលំហូរវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជាបន្ថែមទៀត៕