ភ្នំពេញ៖ រាជរដ្ឋាភិបាល ឧបត្ថម្ភធុនលើវិស័យអគ្គិសនី ១៥០លានដុល្លារ ដើម្បីគាំទ្រស្ថិរភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ស្របពេល ថ្លៃដើមផលិត បានហក់ឡើងខ្ពស់ ក្នុងឆ្នាំ២០២៣នេះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លើកឡើងថា ឧបត្ថម្ភធុននេះ ស្របតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គឺមិនឲ្យថ្លៃភ្លើងឡើងចំពោះប្រជាជន អ្នកធ្វើសេវាកម្ម រោងចក្រ សហគ្រាស រួមទាំងវិស័យកសិកម្ម ដូច្នេះ ថ្លៃអគ្គិសនីរបស់កម្ពុជា នៅតែមានតម្លៃទាប។វ

គិតក្នុងបំណាច់ឆ្នាំ២០២៣ នេះ អគ្គិសនីកម្ពុជា នឹងខាតថវិការ ក្នុងរង្វង់ប្រមាណ ១៥០លានដុល្លាអាមេរិក ជាបន្ទុកឧបត្ថម្ភធុនជំនួសរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បានបន្តទៀតថា ដោយសាររាជរដ្ឋាភិបាល មានគោលការណ៍មិនឡើងថ្លៃអគ្គិសនី ដើម្បីធ្វើយ៉ាងណាគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ រក្សារស្ថិរភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន និងស្របពេលថ្លៃ នៃការផលិតបានហក់ឡើងខ្ពស់។ គោលនយោបាយជួយចេញខាតជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគនេះ គឺបានដោះស្រាយជូនប្រជាពលរដ្ឋមួយជំហ៊ានធំ ក្នុងនោះ សម្រាប់ពេលខាងមុខ រាជរដ្ឋាភិបាលនៅបន្តការខិតខំប្រឹងប្រែង ធ្វើយ៉ាងណាមិនឲ្យអគ្គិសនីឡើងថ្លៃ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ថ្លៃអគ្គិសនីនៅលើពិភពលោក ក៏ដូចនៅក្នុងតំបន់អាស៊ានមួយចំនួន បានកំពុងបន្តឡើងថ្លៃ ជាក់ស្តែងនៅប្រទេសវៀតណាមជាដើម បានកំពុងខ្វះថាមពលសម្រាប់ការផ្គត់ផ្គង់ និងកំពុងដំឡើងថ្លៃអគ្គិសនី៕