Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ៖ ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កើនឡើង ២៧០%

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាសមានកំណើនគួរឲ្យគត់សំគាល់។ នៅក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញជាមធ្យម មានចលនាហោះហើរទ្វទិស ៨៥០ជើង ក្នុងមួយសប្ដាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និង មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ រួមនិងប្រទេសចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា។​

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងថា វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ២លាន ៤​សែននាក់ កើនឡើង ២៧០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន ២៤.៧២៥ កើនឡើង ១៤៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ឯកឧត្តម បានបញ្ជាក់ថា ជារួម សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩។

ជាមួយនិងកំណើននៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនេះ ព្រលានយន្តហោះថ្មីមួយ លើទឹកដីខេត្តសៀមរាប នឹងក្លាយជាកម្លាំងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងជាងមុនថែមទៀត ត្បិតថាអាកាសយានដ្ឋានមួយនេះ បានប្រកាន់យកនូវគោលការណ៍ អាកាសយានដ្ឋានបូកទេសចរ ។

បើតាម លោក LU Wei ដែលជាប្រធានក្រុមហ៊ុនអាកាសចរណ៍ Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) បានលើកឡើងថា អាកាសយានដ្ឋានសៀមរាបថ្មី នឹងរួមចំណែកក្នុងការអភិរ្សបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍវិស័យទេសចរណ៍ ការបង្កើនការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងជាយុទ្ធសាស្ត្រ “ខ្សែក្រវាក់មួយផ្លូវមួយ” ហើយអាកាសយានដ្ឋានសៀមរាបអង្គរ ក៏ជាគំរូការអនុវត្ត និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ហើយក៏ជាសមិទ្ធផលមិត្តភាពកម្ពុជា-ចិន និងជាលទ្ធផលការសហការកម្ពុជា-ចិន។

តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ នៅពេលចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ មានចម្ងាយ ប្រមាណ ៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ ដែលមានទំហំដី ៧០០ហិកតា ស្ដង់ដារ កម្រិត៤៕

×