ភ្នំពេញ៖ របាយការណ៍នាំចេញស្រូវនិងអង្ករ សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ការនាំចេញអង្ករទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៤ បានចំនួន ២៨ ១១០តោន គិតជាទឹកប្រាក់ប្រមាណ ១៨,៨៧លានដុល្លារ ខណៈកម្ពុជារកចំណូល ពីការនាំចេញស្រូវអង្ករបានជាង ៨០៧លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ។

របាយការណ៍នាំចេញស្រូវ និងអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារគោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន៥០ បានលក់ចេញអង្ករចំនួន ៣២៩ ៦៣៣តោន និងស្រូវចំនួន ២ ២២៤ ៩១៣តោន គិតជាទឹកប្រាក់សរុបប្រមាណ ៨០៧,៩លានដុល្លារ។

របាយការណ៍ខាងលើ បានឲ្យដឹងទៀតថា ការនាំចេញអង្ករទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៤ បានចំនួន ២៨ ១១០តោន គិតជាទឹកប្រាក់ប្រមាណ ១៨,៨៧លានដុល្លារ ដោយក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះដែរ ទីផ្សារក្នុងប្រទេសអាស៊ាន មានតម្រូវការអង្ករកាន់តែច្រើនឡើង ដែលរួមមាន ប្រទេសហ្វីលីពីន និងព្រុយណេជាដើម។ ដោយឡែក ក៏មានការនាំចេញអង្ករទៅកាន់គោលដៅផ្សេងៗនៅអាហ្វ្រិក មជ្ឈឹមបូព៌ា។ ហើយការនាំចេញអង្ករទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តបានចំនួន ១៣៨ ៣៦៤តោន គិតជាទឹកប្រាក់ប្រមាណ ៨៨,៩៦លានដុល្លារ។ ចំណែកឯ ការនាំចេញអង្ករទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៥ បានចំនួនអង្ករ ១២២ ១១៧តោន គិតជាទឹកប្រាក់ប្រមាណ ៨៦,៦៧លានដុល្លារ។ រីឯ ២១គោលដៅទៀត បាននាំចេញអង្ករចំនួន ៤១ ០៤២តោន គិតជាទឹកប្រាក់ប្រមាណ ៣៤,៧៣លានដុល្លារ។

គួរបញ្ជាក់ថា កម្ពុជា ក៏បាននាំចេញអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៨៥,០៨% អង្ករសគ្រាប់វែងចំនួន ១១,៣៤% អង្ករសគ្រាប់ខ្លីចំនួន ០,១៤% អង្ករចំហ៊ុយចំនួន ២,៤២% អង្ករសរីរាង្គចំនួន ១,០២% និងបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ២ ២២៤ ៩១៣តោន ដែលក្នុងនោះ ចំនួន ៥៥% ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចទៀតផង៕
