ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ កម្ពុជាបញ្ចេញទឹកប្រាក់លើការនាំចូលដែក និងដែកថែប មានចំនួនជាង ១៩២លានដុល្លារ កើនឡើង ៣,៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានជាង ១៨៥លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការចំណាយលើការនាំចូលដែក និងដែកថែបពីក្រៅប្រទេស គឺដើម្បីមកបំពេញតម្រូវការក្នុងស្រុក។ ចំនួននេះ គឺមានការកើនឡើងតិចតួច បើធៀបនឹងរយៈពេលដូចគ្នានិងឆ្នាំមុន ខណៈទឹកប្រាក់ខាងលើស្មើនឹងជិត ១,៦ ភាគរយនៃចំនួនទឹកប្រាក់ដែលកម្ពុជា បានបញ្ចេញទៅលើការនាំចូលផលិតផលទាំងអស់ពីទីផ្សារអន្តរជាតិ។

ក្នុងឆ្នាំ ២០២២ កន្លងទៅ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើនឡើង ២៣,១ ភាគរយពីចំនួន ២៩២,៣៣៩ លានដុល្លារក្នុងឆ្នាំ ២០២១។
គួរបញ្ជាក់ថា ទិន្នន័យសំណង់ទូទាំងប្រទេសក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៣,៨២៧គម្រោង ដែលមានផ្ទៃក្រឡា កម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ៕