ក្រុមមុជទឹកដែលមានគ្នាជាង ១៥០នាក់ ត្រូវរ៉ាប់រងនាំយកក្មេងៗ ១២នាក់ ព្រមទាំងគ្រូបង្វឹកចេញពីល្អាងថាមហ្លួង ត្រូវបានពណ៌នាថា ជាយុទ្ធនាការមួយយ៉ាងលំបាក និងគ្រោះថ្នាក់បំផុត ដែលសូម្បីតែអ្នកមុជទឹកអាជីពក៏ “ភ័យតក់ស្លុត” ដែរ ។
អ្នកមុជទឹក Mallinson
អ្នកជំនាញមុជទឹកសញ្ជាតិអង់គ្លេស Jason Mallinson ដែលចូលរួមក្នុងយុទ្ធនាការសង្គ្រោះក្រុមបាល់ទាត់ជ្រូកព្រៃចេញពីល្អាងថាមហ្លួង និយាយក្នុងកម្មវិធី Four Corners របស់ស្ថានីយ៍ទូរទស្សន៍ ABC ថា ៖ “នោះគឺជាកិច្ចការលំបាក គ្រោះថ្នាក់ និងមានហានិភ័យយ៉ាងច្រើនបំផុត ដែលខ្ញុំធ្លាប់បានធ្វើ” ។ លោកថា៖ កង្វល់ធំបំផុតគឺសុវត្ថិភាពរបស់ក្មេងៗ និងគ្រូបង្វឹក ពេលដែលទទួលភារកិច្ចត្រូវនាំអ្នកទាំងនោះចេញផុតពីល្អាងលិចទឹក ក្នុងលក្ខខណ្ឌលំបាកលំបិនរាប់មិនអស់ ។
ថ្វីត្បិតជាអ្នកមានសកម្មភាពក្លាហានមោះមុតក្តី តែអ្នកមុជទឹករូបនេះឲ្យដឹងថា លោកពុំប្រាកដក្នុងចិត្តថា អាចធ្វើបែបនេះបានម្តងទៀតឬអត់ ។
បញ្ជាការក្រុមទាហានអាមេរិកចូលរួមសង្គ្រោះក្រុមបាល់ទាត់ក្មេង , លោក Charles Hodge ក៏ឲ្យដឹងបន្ថែមថា ៖ “យើងខ្ញុំបានវាយតម្លៃស្ថានការណ៍ ហើយពិនិត្យឃើញលទ្ធភាពទទួលជោគជ័យទាបណាស់… ក្នុងជម្រៅចិត្តរបស់ខ្ញុំ ទោះលទ្ធភាពជោគជ័យមានត្រឹមតែ ៦០-៧០% ប៉ុណ្ណោះ ។ យើងខ្ញុំព្យាករណ៍ថា អាចមាន “ស្លាប់” 3-4 ឬ 5 នាក់ ផ្អែកតាមស្ថានភាពសុខភាពរបស់ប្អូនៗទាំងនោះ, គ្រានោះ។
ដំណើរការសង្គ្រោះចែកចេញជា ៩ដំណាក់ ហើយដើម្បីចេញដល់មាត់ល្អាង អ្នកមុជទឹកម្នាក់ៗត្រូវចំណាយពេលអស់៣ម៉ោង ។
វេជ្ជបណ្ឌិតឯកទេសខាងសណ្តំសញ្ជាតិអូស្ត្រាលី Richard Harry Haris និងដៃគូមុជទឹក អតីតទាហានជើងទឹក Craig Challen ស្ថិតក្នុងក្រុមជំនាញការមុជទឹកល្អាងភ្នំអន្តរជាតិ បានបញ្ជូនក្រុមបាល់ទាត់ក្មេងៗ ចេញពីល្អាងថាមហ្លួង ដែលបិទដោយទឹក ។
អ្នកជំនាញការអូស្ត្រាលី ២រូបនេះ បានទៅដល់ថៃនៅថ្ងៃទី ៥ ខែកក្កដា ពោលគឺ ៣ថ្ងៃក្រោយពីក្រុមជនរងគ្រោះត្រូវបានរកឃើញ ។ តាមលោក Challen នោះ ពេលលោក និងដៃគូ Harris ទៅដល់ល្អាង ពួកគាត់គិតថា គ្រាន់តែទៅដើម្បីរក “សាកសព” ប៉ុន្តែលទ្ធផលជាក់ស្តែងប្រសើរច្រើនជាង ។
លោក Challen ប្រាប់អ្នកកាសែតពេលវិលត្រឡប់ទៅដល់អូស្ត្រាលីវិញថា ៖ “នេះជារឿងស្លាប់ រស់ ។ យើងខ្ញុំពិតជាមិនហ៊ានគិតថា ជនរងគ្រោះទាំង ១៣នាក់ នៅមានជីវិតក្រោយពេលចេញផុតពីល្អាងនោះទេ!” ។
អ្នកជំនាញការរូបនេះ ឲ្យដឹងថា ការមុជទឹក ពុំមែនជាផ្នែកសំខាន់នៃយុទ្ធនាការទេ តែនោះគឺវ័យរបស់បណ្តាកីឡាករ ។ ក្រោយពីពួកគេត្រូវប្រើថ្នាមរម្ងាប់អារម្មណ៍ ដើម្បីរក្សាបានភាពនឹងនរ ។ “យើងខ្ញុំមិនអាចទុកឲ្យប្អូនៗទាំងនោះភ័យស្លន់ស្លោរឡើយ ព្រោះវាអាចធ្វើឲ្យប្អូនៗសម្លាប់ខ្លួនឯង ហើយសម្លាប់ទាំងអ្នកទៅជួយសង្គ្រោះទៀតផង” ។
វេជ្ជបណ្ឌិត Harris ត្រូវបានប្រគល់ភារកិច្ចវាយតម្លៃសុខភាពរបស់កីឡាករក្មេងៗក្នុងពេលបញ្ជូនពួកគេចេញទៅក្រៅល្អាង ។ ក្រៅពីនោះ ក៏ត្រូវជួយឲ្យប្អូនៗទាំងនេះមានស្មារតីនឹងនរ ហើយសង្ឃឹមថារួចផុតពីគ្រោះកាច!” ៕ ចន្ទ្រា