ភ្នំពេញ៖ គម្រោងថាមពលស្អាតចំនួន៦ រួមមានគម្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យចំនួន ៤ នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង និងពោធិ៍សាត់ នឹងគម្រោងវារីអគ្គិសនីចំនួន ២ នៅខេត្តកោះកុង។ រដ្ឋសភាបានអនុម័តគម្រោងថាមពលស្អាតទាំង៦នេះ ដោយជឿជាក់ថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនឯកជនលើគម្រោងថាមពលស្អាតទាំងនេះនៅកម្ពុជា នឹងធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានស្ថិរភាព និងជួយកាត់បន្ថយតម្លៃថាមពលនៅក្នុងប្រទេស។

គេរំពឹងថា ក្រុមហ៊ុនឯកជនដែលវិនិយោគថាមពលស្អាតទាំងនេះ នឹងផ្តល់អគ្គិសនីស្អាត កាត់បន្ថយការបំភាយកាបូន ការពារបរិស្ថាន និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់នូវការផ្លាស់ប្តូរ និងបំរែបំរួលអាកាសធាតុ។ ការទទួលបានថាមពល ដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន គឺមានសារៈសំខាន់សម្រាប់រក្សាតម្លៃផលិតកម្មទាប និងរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

គម្រោង ដែលបានអនុម័តនេះ ក៏ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ ក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដោយជួយជំរុញសេដ្ឋកិច្ច លើកកម្ពស់ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ។ ថាមពលស្អាតទាំងនេះ ជាជំហ៊ានសំខាន់មួយទៀតឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា និងធានានូវអនាគតថាមពល ដែលមានស្ថិរភាព និងបៃតង។

ក្នុងឆ្នាំ២០២២ តាមអាជ្ញាធរអគ្គិសនីកម្ពុជា បានឲ្យដឹងថា ម្ចាស់ពាណិជ្ជកម្ម និងឧស្សាហកម្មខ្នាតមធ្យម និងធំ បានប្រើប្រាស់អគ្គិសនីអស់ប្រមាណ ៥,២៣៦.៤៦ ជីហ្គាវ៉ាត់ម៉ោង (GWh) ដែលបង្ហាញពីការកើនឡើងនៃការប្រើប្រាស់ជាមធ្យមរបស់អតិថិជនម្នាក់បើធៀបនឹងឆ្នាំ២០១៩។ ហើយនៅចុងឆ្នាំ២០២២ កម្ពុជាមានសមត្ថភាពថាមពល ដែលបានដំឡើងនៅក្នុងប្រទេស ឈានដល់ ៤,៤៩៥ មេហ្កាវ៉ាត់ ដែលស្មើនឹង ៦២ភាគរយ នៃបណ្តាញជាតិ ដែលដំណើរការដោយប្រភពថាមពលស្អាត រួមមានវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងជីវម៉ាស។ ថាមពលអគ្គិសនីជាង ១,០០០មេហ្កាវ៉ាត់ ត្រូវបាននាំចូលពីប្រទេសជិតខាង រួមមាន វៀតណាម ថៃ និងឡាវ៕