ភ្នំពេញ៖ ប្រទេសកម្ពុជា មានទំហំពាណិជ្ជកម្មលំដាប់ទី៤ ជាមួយថៃ បន្ទាប់ពីចិន អាមេរិក និងវៀតណាម។
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា ថៃ សម្រេចបានជិត ២ពាន់លានដុល្លារ ថយចុះ ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៦ខែ ឆ្នាំ២០២៣ កម្ពុជា បាននាំចេញទៅថៃសម្រេចបានទឹកប្រាក់ប្រមាណជាង ៥២៧លានដុល្លារ កើនឡើង ៦.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៤៩៥លានដុល្លារ។ ដោយឡែកម្ពុជា នាំចូលពីថៃមកវិញ មានចំនួនជាង ១.៤ពាន់លានដុល្លារ។

សម្រាប់ខែមិថុនា ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅថៃ បានធ្លាក់ចុះ ១៥.៥ភាគរយ មានទំហំទឹកប្រាក់ជាង ៤៧លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៥៧លានដុល្លារ។
គួរបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅប្រទេសថៃ រួមមាន សម្លៀកបំពាក់ ផលិតផលកសិកម្ម ត្បូង និងវត្ថុធាតុដើម។ ដោយឡែក ការនាំចូលពីថៃវិញ មានដូចជា រថយន្ត ត្រី សាច់ ភេសជ្ជៈ ជីសរីរាង្គ គ្រឿងសម្អាង សម្ភារតុបតែងផ្ទះ គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងផលិតផលបម្រើវិស័យសំណង់ជាដើម៕