ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ ពាក់កណ្តាលឆ្នាំ២០២៣នេះ កម្ពុជារកបានចំណូល ៣២៤ លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ គឺមានកំណើនប្រមាណជាង ៤២,១ ភាគរយៈ បើធៀនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងមក។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះដែរ កម្ពុជានាំចេញកៅស៊ូ ទទួលបានចំណូលជិត ៦៤ លានដុល្លា ដោយមានការកើនឡើងដល់ ៤៤.៨ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយមានទំហំទឹកប្រាក់ជាង ៤៤ លានដុល្លារ ខណៈឆ្នាំ២០២២កន្លងទៅ កម្ពុជារកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ។

ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។ ក្នុងនោះ ទីផ្សារកៅស៊ូជាសាកល ក៏មានការកើនឡើងដែលជាសញ្ញាវិជ្ជមានផងដែរ ហើយចិន គឺទីផ្សារផលិតកង់ឡានធំជាងគេនៅលើពិភពលោក។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ ទីផ្សារកៅស៊ូបន្តប្រឈមនឹងបញ្ហាសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៣ ពិសេសដោយសារកំណើនសេដ្ឋកិច្ចចិនតិចតួច នៅក្នុងឆមាសទី២ឆ្នាំនេះដែរ៕